កម្ពុជា-ឥណ្ឌា នឹងដាក់ឱ្យដំណើរការជើងហោះហើរត្រង់ នៅចុងខែតុលានេះ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ឥណ្ឌា គ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់ នាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ដើម្បីជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលព្រឹកថ្ងៃទី៤ ខែតុលានេះនៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម។ ជាមួយគ្នានេះ សម្តេច ក៏បានបង្ហាញនូវក្តីរំពឹងថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត។

ទន្ទឹមគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងដែរថា ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យគួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពី ក៏បាន អះអាងថា នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ដែលការណ៍នេះនឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង។ លើសពីនេះ ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ភាគីទាំងពីរំពឹងថា កិច្ចសហការទាំងនេះ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ ៕ អត្ថបទ៖​ពិសី