រដ្ឋមន្ត្រីថ្មី ប្តេជ្ញា​​ដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

លោក ឌិត ទីណា ចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាផ្លូវការ កាលពីថ្ងៃទី១៧ ខែតុលានេះ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់ដំណែង លោក ឌិត ទីណា បានប្ដេជ្ញាចិត្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដោយគូសបញ្ជាក់ថា មិនមែនមើលតែបុគ្គលណាមួយ ឬក៏ផ្នែកណាមួយនៃកសិកម្មនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោកបានប្តេជ្ញា​​ដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម​ តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយមន្រ្តីនៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ​ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។

លោកបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មក៏មានគោលដៅបន្តជំរុញ ប្រែក្លាយកសិកម្ម កម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃប្រកបដោយបរយាបន្ន និងមាននិរន្តភាពធន នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករផងដែរ។

ទោះបីជាបែបនេះក្តី លោកគូសបញ្ជាក់ថា វិស័យកសិកម្ម គឺត្រូវធ្វើដោយបរិយាប័ន្ន មានន័យថារួមគ្នាធ្វើ ហើយត្រូវមើលគ្រប់ទាំងអស់នៃវិស័យនេះ ទើបដាក់នូវវិធានការនានាដែលអាចបម្រើផលប្រយោជន៍ជារួម៕