លោក ឃួង ស្រេង ជំរុញអ្នកវិនិយោគក្រៅប្រទេស ឱ្យមកវិនិយោគស្របច្បាប់បន្ថែមទៀតនៅភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគពីក្រៅប្រទេស មកវិនិយោគស្របច្បាប់ ឱ្យបានច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន និងធ្វើឱ្យមានកំណើនទេសចរណ៍នៅកម្ពុជាកើនឡើងមួយកម្រិតថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធផ្លូវការសណ្ឋាគារឡាវីអា (LAVIA HOTEL) មានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

នាឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) នៅរាជធានីភ្នំពេញនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ  រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ជាមួយនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អចំពោះការវិនិយោគទាឱងអស់។ នេះជាសញ្ញាមួយក្នុងការទាក់ទាញទេសចរណ៍ឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រក្សាបានកំណើនសេដ្ឋកិច្ចជាតិ ទាក់ទាញភ្ញៀវទេសចរណ៍និងការវិនិយោគ ព្រមទាំងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានបន្ថែមថា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យលើគ្រប់វិស័យបន្ថែមទៀត យើងគ្រប់គ្នាត្រូវរួមគ្នារក្សាឱ្យបានសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។ លោក ក៏សូមឱ្យជួយផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន មកបោះទុនវិនិយោគស្របច្បាប់នៅកម្ពុជា ហើយរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រជានិច្ច៕ អត្ថបទ៖ហ្សាលីន