កូរ៉េខាងត្បូង សម្រេចបន្តកាត់បន្ថយពន្ធលើប្រេងឥន្ធនៈរហូតដល់ខែវិច្ឆិកា

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងនឹងពន្យារពេលផែនការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈរហូតដល់ខែវិច្ឆិកា ខណៈពេលដែលតម្លៃប្រេងអន្តរជាតិនៅតែមានកម្រិតខ្ពស់ ដោយសារជម្លោះនៅមជ្ឈិមបូព៌ានៅតែតានតឹងខ្លាំង ដែលបានរារាំងផ្លូវដឹកជញ្ជូនសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកញ្ញា បានសម្រេចចិត្តពន្យារពេលកម្មវិធីកាត់បន្ថយពន្ធលើប្រេងឥន្ធនៈបណ្តោះអាសន្ន រយៈពេល ២ខែបន្ថែមទៀត ពោលគឺរហូតដល់ចុងខែវិច្ឆិកា។ អត្រាកាត់បន្ថយបច្ចុប្បន្ន ដែលគ្រោងនឹងផុតកំណត់នៅចុងខែនេះ នឹងនៅតែរក្សាដដែល ដោយប្រេងសាំងកាត់បន្ថយ ១៥% ខណៈប្រេងម៉ាស៊ូត និងឧស្ម័នប៊ុយតាន (Butane) កាត់បន្ថយ ២៥%។

មិនតែប៉ុណ្ណោះ ក្រសួងហិរញ្ញវត្ថុ ក៏បានថ្លែងផងដែរថា វិធានការនេះមានគោលបំណងជួយកាត់បន្ថយបន្ទុកថ្លៃដើមប្រេងឥន្ធនៈ ចំពេលមានភាពប្រែប្រួលនៃតម្លៃប្រេងសកលដែលពាក់ព័ន្ធនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា។

គួរជម្រាបជូនថា នៅសប្តាហ៍ក្រោយ ប្រទេសកូរ៉េខាងត្បូងនឹងប្រារព្ធពិធីបុណ្យធំឆូសុក (Chuseok) ដែលជារឿយៗបង្កឱ្យមានការកកស្ទះចរាចរណ៍ និងការធ្វើដំណើរដ៏ធំបំផុតមួយ។ ផ្អែកលើកត្តានេះ រដ្ឋាភិបាលបានប្រកាសថា ស្ថានីយប្រេងឥន្ធនៈចំនួន ២២៦ កន្លែងនៅលើផ្លូវល្បឿនលឿនដែលឧបត្ថម្ភដោយរដ្ឋ និងគ្រប់គ្រងដោយក្រុមហ៊ុន Korea Expressway Corporation នឹងបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ១០០វ៉ុន ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា៕