ក្រុមហ៊ុន Toyota Motor កាលពីពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា ខ្លួនអាចនឹងត្រូវចំណាយទឹកប្រាក់ ១ទ្រីលានយ៉េន (៦,៤ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៨ តទៅ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តធំបំផុតក្នុងពិភពលោកមួយនេះ កំពុងពន្លឿនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យារ៉ូបូត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅទូទាំងឧស្សាហកម្មរថយន្ត ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យារ៉ូបូត ដើម្បីកាត់បន្ថយចំណាយ និងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ព្រមទាំងការខ្វះខាតកម្លាំងពលកម្ម ដែលក្រុមអ្នកវិភាគនិយាយថា អាចនឹងបើកផ្លូវកំណើនថ្មីមួយទៀត ដែកលើសពីការផលិតយានយន្ត។
យ៉ាងណាមិញ តាមការប៉ាន់ប្រមាណលើការវិនិយោគនេះ ក្រុមហ៊ុន Toyota រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្គត់ផ្គង់សំខាន់ៗ បានព្យាករថានឹងត្រូវការរ៉ូបូតប្រហែល ៤០០ ០០០ គ្រឿង ដើម្បីអាចដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងរោងចក្រនៅក្រុមហ៊ុនទាំងនោះបាន។ តួលេខនេះ រួមបញ្ចូលទាំងការផ្លាស់ប្តូរជំនួសម៉ាស៊ីនចាស់ៗ ការដំឡើងថ្មី ព្រមទាំងរ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid) និងមិនមែនរូបរាងដូចមនុស្សផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តសកលផ្សេងទៀត ក៏កំពុងស្វែងរកការបង្កើនការប្រើប្រាស់មនុស្សយន្តដែលមានរូបរាងដូចមនុស្សដើម្បីប្រើប្រាស់ក្នុងរោងចក្ររបស់ពួកគេផងដែរ ដូចជាក្រុមហ៊ុន Hyundai បានប្រកាសថា ខ្លួនមានគម្រោងដាក់ឱ្យប្រើប្រាស់មនុស្សយន្តទាំងនេះនៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០២៨ តទៅ៕

