យោងតាមប្រភពសារព័ត៌មានធំៗ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងសម្រេចជាចុងក្រោយលើបញ្ជីឈ្មោះថ្នាក់ដឹកនាំធុរកិច្ចចិន ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។

ក្នុងចំណោមនោះអាចមានក្រុមហ៊ុនដែលកំពុងប្រឈមមុខនឹងការត្រួតពិនិត្យផ្នែកបទប្បញ្ញត្តិពីសំណាក់សហរដ្ឋអាមេរិកមួយចំនួន ខណៈពេលដែលពួកគេកំពុងស្វែងរកលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារអាមេរិកឱ្យបានកាន់តែទូលំទូលាយ។
ប្រភពទាំងនោះបានបញ្ជាក់ទៀតថា លិខិតអញ្ជើញជាផ្លូវការនឹងត្រូវផ្ញើទៅកាន់ក្រុមហ៊ុននានានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈប្រភពមួយក្នុងចំណោមនោះបានបន្ថែមថា ក្រសួងការបរទេសអាមេរិកត្រូវបានគេរំពឹងថានឹងអនុម័តទិដ្ឋាការ (visa) សម្រាប់គណៈប្រតិភូទាំងនេះផងដែរ។
យ៉ាងណាមមិញ ចំពោះក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាឱ្យចូលរួមនោះរួមមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ចិន BYD, ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ,ក្រុមហ៊ុនយក្សផលិតអាគុយ CATL និង Gotion, ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ Hisense, ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Wanxiang Group និងធនាគាររដ្ឋ Bank of China ផងដែរ។
គួរជម្រាបជូនថា ការនាំយកគណៈប្រតិភូធុរកិច្ចធំៗទៅកាន់សហរដ្ឋអាមេរិក នឹងក្លាយជាសកម្មភាពដ៏កម្រមួយ ដោយសារតែទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់ចិន ហើយទីក្រុងប៉េកាំងក៏មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើវិស័យឯកជនដូចគ្នានេះ ផងដែរ៕

