អ៊ុយក្រែន គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ទៅជាង ១០ពាន់លានដុល្លារលើវិស័យការពារជាតិរបស់ខ្លួននៅឆ្នាំ២០២៧ ខណៈពេលដែលថ្លៃចំណាយលើសង្គ្រាមជាមួយរុស្ស៊ីនៅតែបន្តកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមឯកសាររដ្ឋាភិបាលអ៊ុយក្រែន បានបង្ហាញឲ្យដឹងថាប្រទេសនេះគ្រោងចំណាយថវិកាបំបែកកំណត់ត្រាចំនួន ១០៩ពាន់លានដុល្លារដែលស្មើនឹងប្រមាណ ៤៤% នៃផលិតផលក្នុងស្រុកសរុប (GDP) និងពីរភាគបីនៃថវិកាជាតិរបស់ខ្លួន ទៅលើវិស័យការពារជាតិ និងសន្តិសុខនាឆ្នាំក្រោយ។ មួយភាគបីនៃទឹកប្រាក់នោះ នឹងត្រូវប្រើប្រាស់សម្រាប់បង់ប្រាក់ខែដល់ទាហាន ហើយផ្នែកដែលនៅសល់ភាគច្រើន នឹងត្រូវប្រើប្រាស់ដើម្បីទិញអាវុធ និងគ្រឿងបរិក្ខារយោធា។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Sergiy Marchenko បានថ្លែងថា សេចក្តីព្រាងថវិកានេះត្រូវ បានរៀបចំឡើងនៅក្នុងពេលដែលតម្រូវការផ្នែកសន្តិសុខ និងការពារជាតិ នៅតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែន។
គួរឲ្យដឹងថា សង្គ្រាមបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងបង្កឱ្យមានការខូចខាតអស់រាប់សិបពាន់លានដុល្លារ។ ដំបូងឡើយ ទីក្រុងកៀវបានប្រើប្រាស់ប្រាក់ចំណូលក្នុងស្រុកដើម្បីបង់ថ្លៃតម្រូវការការពារជាតិ ប៉ុន្តែបច្ចុប្បន្នកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើជំនួយពីបរទេសជំនួសវិញ។
ជម្រាបជូនថា អ៊ុយក្រែនទទួលបានជំនួយហិរញ្ញវត្ថុប្រមាណ ២០០ពាន់លានដុល្លារពីបណ្តាប្រទេសដៃគូ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅដើមឆ្នាំ២០២២ មក ក្រៅពីជំនួយយោធារាប់ពាន់លានដុល្លារផ្សេងទៀត។ រដ្ឋាភិបាលអ៊ុយក្រែននិយាយថា ខ្លួននឹងស្វែងរកជំនួយបរទេសបន្ថែមចំនួន ៥៣ពាន់លានដុល្លារ នៅឆ្នាំ២០២៧ រួមទាំងពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកផងដែរ៕

