ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យមហាជនយល់ច្រឡំ មិនមែនធ្វើឡើងតែក្នុងប្រទេសទេ តែក៏ត្រូវធ្វើក្នុងកម្រិតតំបន់ និងអន្តរជាតិដែរ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ៖ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុច្ចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ Sun and Moon កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
នៅក្នុងវេទិកានេះ ក៏មានវាគ្មិនតំណាងមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម ចូលរួមពិភាក្សាយ៉ាងផុលផុសផងដែរ៕




