ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនធំមួយ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស បានវាយតម្លៃខ្ពស់លើកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា ខណៈក្រុមហ៊ុន ក៏បាន វាយតម្លៃខ្ពស់ចំពោះការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ។នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ជាមួយ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេ។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។ ទន្ទឹមនេះ, លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យបច្ចេកវិទ្យាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រី។

ជាការឆ្លើយតប, សម្ដេចធិបតី បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, សម្តេចធិបតី ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ (Data Sovereignty) ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យាជាដើម។
តាមរយៈជំនួបនោះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន បន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕ អត្ថបទ៖ហ្សាលីន



