ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦%

សង្គម​និង​សេដ្ឋកិច្ច

នៅឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ ភាគរយ ដែលកំណើននេះត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសំខាន់ៗចំនួន ៣ គឺវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។នេះបើតាមខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុង រង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ រំពឹងថានឹងកើនឡើង ដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។

បើតាមសេចក្តីព្រាងច្បាប់ដដែលបានបញ្ជាក់ថា ការរំពឹងទុកនូវកំណើន ៦,៦% នេះ ដោយផ្អែកលើវិស័យសំខាន់៣រួមមាន ១,វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើង ក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងងើបឡើងវិញនៃអនុវិស័យកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមាន កំណើនទាប។២,វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩% ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ ផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។ ៣, -វិស័យកសិកម្ម រំពឹងថានឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦% យ៉ាងណា កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក។ ចំណែកកត្តាខាងក្នុង កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួនដូចជា ភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាប នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាដើម៕