កម្ពុជា ប្រកាន់ជំហរឥតងាករេក្នុងការបញ្ជូនវិវាទព្រំដែនជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរឥតងាករេក្នុងការបញ្ជូនវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ ។

សេចក្តីថ្លែងការណ៍ខាងលើ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។

រដ្ឋាភិបាលបន្តថា ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជាតែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះ ប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តង នៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញា ចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបាន ដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះ។

កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ៕អត្ថបទ៖ហ្សាលីន

ហេតុនេះ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលលម្អិតពីសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖