ប្រជាជនអាមេរិករាប់លាននាក់ អាចប្រឈមមុខទៅនឹងការផ្លាស់ប្តូរការងារថ្មី ក្នុងរយៈពេល ៩ឆ្នាំខាងមុខ ដោយសារតែការរីកចម្រើនខ្លាំងនៃប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ដោយក្រុមហ៊ុនប្រឹក្សាយោបល់ McKinsey & Co. បានឱ្យដឹងថា ពលរដ្ឋអាមេរិកប្រមាណ ១១ លាននាក់ ដែលស្មើនឹង ៦,៥% នៃកម្លាំងពលកម្មបច្ចុប្បន្ន អាចនឹងត្រូវផ្លាស់ប្តូរទៅធ្វើមុខរបរផ្សេងទាំងស្រុងត្រឹមឆ្នាំ ២០៣៥។ នេះគឺដោយសារតែរលកនៃការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម និង AI។
យ៉ាងណាមិញ បើតាមការព្យាករទុក ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនោះអាចកាត់បន្ថយតម្រូវការពលកម្មស្មើនឹង ៣៦ លានការងារត្រឹមឆ្នាំ២០៣៥។ តែទោះជាយ៉ាងណាក៏ដោយ កំណើនក្នុងវិស័យពាក់ព័ន្ធនឹង AI និងសេដ្ឋកិច្ចទាំងមូល អាចបង្កើតឱ្យមានតម្រូវការការងាររហូតដល់ ៤០ លានកន្លែងបន្ថែមទៀតផងដែរ។
បើតាមក្រុមហ៊ុន McKinsey បានលើកឡើងទៀតថា កម្មករនិយោជិតដែលរងផលប៉ះពាល់ប្រមាណ ៦៩% ទំនងជានឹងបន្តធ្វើការងារបច្ចុប្បន្នរបស់ពួកគេដដែល ដោយសារកំណើនក្នុងវិស័យរបស់ពួកគេអាចទូទាត់សងផលប៉ះពាល់នៃប្រព័ន្ធស្វ័យប្រវត្តិកម្មបាន។
មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា មនុស្ស ១១ លាននាក់ដែលនៅសល់ អាចនឹងត្រូវផ្លាស់ប្តូរទៅធ្វើមុខរបរផ្សេងទាំងស្រុង។ ហើយបញ្ហាប្រឈមក្នុងទសវត្សខាងមុខ គឺសមត្ថភាពក្នុងការផ្លាស់ប្តូរទៅរកអាជីពថ្មី មិនមែនមកពីការខ្វះខាតការងារនោះទេ។ តាមការព្យាកររបស់ McKinsey ក៏បានបង្ហាញដែរថា AI អាចបង្កើតការងារបានច្រើនជាងការលុបបំបាត់ការងារក្នុងរយៈពេល ៩ឆ្នាំខាងមុខ៕

