មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin បានថ្លែងកាលពីថ្ងៃ៧ តុលាថា ក្រុមហ៊ុនអាចនឹងស្វែងរកការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីក្រុមហ៊ុនបានប្រមូលទុនចំនួន ១០ពាន់លានដុល្លារពីវិនិយោគិនខាងក្រៅជាលើកដំបូង សម្រាប់ការរៃអង្គាសប្រាក់របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Bezos បាននិយាយនៅក្នុងកម្មវិធី “Special Report with Bret Baier” របស់ប៉ុស្តិ៍ FOX News Channel ថា៖ “ខ្ញុំគិតថា នៅថ្ងៃណាមួយ Blue Origin នឹងធ្វើ IPO វាអាចនឹងកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត ប៉ុន្តែវាពិតជាសមហេតុផលដែល Blue Origin អាចក្លាយជាក្រុមហ៊ុនសាធារណៈនៅពេលណាមួយ”។
យ៉ាងណាមិញ ជុំការលើកឡើងនេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយពីលោក Bezos ដែលនិយាយថា Blue Origin អាចនឹងស្វែងរកការចុះបញ្ជីនៅក្នុងទីផ្សារហ៊ុន។ ការធ្វើ IPO នាពេលអនាគតនឹងផ្តល់ឱកាសឱ្យវិនិយោគិនអាចចូលរួមវិនិយោគលើក្រុមហ៊ុនអវកាសដ៏សំខាន់មួយនេះ ចំពេលដែលមានការចាប់អារម្មណ៍ឡើងវិញលើវិស័យអវកាស ទោះបីជាក្រុមហ៊ុនគូប្រជែង SpaceX នៅតែជាអ្នកដឹកនាំលេចធ្លោនៅក្នុងវិស័យនេះក៏ដោយ។
គួរជម្រាបជូនផងដែរថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ផងដែរនោះ បានបញ្ជាក់ថា លោកបានវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួនរហូតដល់ចំនួន ២៨ពាន់លានដុល្លាររួចទៅហើយ នៅក្នុងក្រុមហ៊ុន Blue Origin ចាប់តាំងពីបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ២០០០ មក៕

