រុស្ស៊ី អះអាងថាបានផ្គត់ផ្គង់ថាមពលក្នុងតម្លៃជាង ៣២០ពាន់លានដុល្លារទៅឲ្យអឺរ៉ុប

អន្តរជាតិ

ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនបានលក់ហាយដ្រូកាបូន (ប្រេង និងឧស្ម័ន) ក្នុងតម្លៃរហូតដល់ទៅជាង ៣២០ពាន់លានដុល្លារ ទៅឱ្យបណ្តាប្រទេសអឺរ៉ុប ចាប់តាំងពីឆ្នាំ២០២២ មក បើទោះបីជាមានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទទួលបន្ទុកផ្នែកថាមពល បានលើកឡើងកាលពីថ្ងៃទី១២ ខែតុលា ថា៖ “ចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ន តួលេខនេះបានឡើងដល់ ៣២០,៧ពាន់លានដុល្លារ។ នេះគឺជាតម្លៃសរុបនៃថាមពលដែលរុស្ស៊ីបានផ្គត់ផ្គង់ដល់បណ្តាប្រទេសសហភាពអឺរ៉ុប (EU)”។

យ៉ាងណាមិញ គិតក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ នេះ បណ្តាប្រទេសអឺរ៉ុបបានទិញផលិតផលថាមពលពីប្រទេសរុស្ស៊ីក្នុងទំហំទឹកប្រាក់ចំនួន ២១,៣ពាន់លានដុល្លារ។ លោក Novak បានបន្ថែមថា ទោះបីជាមានការរឹតត្បិតពីទណ្ឌកម្មក៏ដោយ ក៏រុស្ស៊ីនៅតែបន្តផ្គត់ផ្គង់ថាមពលនៅក្នុងវិស័យមួយចំនួនដែលទទួលបានការលើកលែងផងដែរ។

មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការនាំចេញប្រេងរបស់ប្រទេសខ្លួនអាចនឹងត្រឡប់មកកម្រិតមុនពេលមានសង្គ្រាមវិញ នៅត្រឹមចុងឆ្នាំនេះ។

គួរជម្រាបជូនថា សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ីចាប់តាំងពីឆ្នាំ២០២២ មក ប៉ុន្តែសមាជិកមួយចំនួនដូចជាប្រទេសបារាំង ក៏ដូចជាប្រទេសគ្មានច្រកសមុទ្រដូចជាស្លូវ៉ាគី និងហុងគ្រី នៅតែបន្តនាំចូលប្រេង ឬឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ី តាមរយៈការលើកលែងពិសេសផ្សេងៗ៕​