ដើម្បីបង្កើនភាពងាយស្រួល និងផ្តល់ជម្រើសបន្ថែមជូនដល់សាធារណជន គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា (គ.ក.យ) បានប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្តចូលបម្រើជាតិ តាមរយៈគេហទំព័រផ្លូវការចាប់ពីពេលនេះតទៅ។

តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការចុះឈ្មោះដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែអនុវត្តតាមនីតិវិធីចំនួន ៧ ជំហាន។
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក៏បានក្រើនរំឭកផងដែរថា ការទទួលបានសារ SMS គឺជាការបញ្ជាក់ពីជោគជ័យក្នុងការចុះឈ្មោះតាមប្រព័ន្ធអនឡាញដំណាក់កាលដំបូងប៉ុណ្ណោះ។ នីតិវិធីនៃការចុះឈ្មោះស្ម័គ្រចិត្ត នឹងត្រូវចាត់ទុកថាបានបញ្ចប់ពេញលេញ និងត្រឹមត្រូវស្របច្បាប់ លុះត្រាតែសាមីខ្លួនបានយកឯកសារដើមទៅផ្ទៀងផ្ទាត់ និងទទួលបានកន្ទុយសន្លឹកបញ្ជាក់ការដាក់ពាក្យពីមន្ត្រីជំនាញនៅមូលដ្ឋានកងរាជអាវុធហត្ថដោយផ្ទាល់៕



