ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong កំពុងពិចារណាពង្រីកប្រតិបត្តិការរបស់ខ្លួន តាមរយៈការវិនិយោគទឹកប្រាក់ ៥០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី VinFast។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមព័ត៌មានពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានបង្ហាញឲ្យដឹងថាភាគីទាំងពីរបានធ្វើការចរចាគ្នារយៈពេលជាយូរមកហើយលើគម្រោងនេះ។ ការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Vingroup អាចនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី១ ឆ្នាំក្រោយ ហើយការសាងសង់រំពឹងថានឹងរួចរាល់ក្នុងរយៈពេល ១ឆ្នាំកន្លះខាងមុខ។ គម្រោងនេះត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពផលិតប្រហែល ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដែលបម្រើទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
យ៉ាងណាមិញ ក្រៅពីយានយន្ត Vingroup ក៏មានគោលបំណងណែនាំម៉ូតូអគ្គិសនីទៅកាន់ទីផ្សារប្រទេសហ្វីលីពីនផងដែរ។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក Nguyen Quoc Tuan អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vingroup និងជាប្រធានក្រុមហ៊ុន Green SM តំណាងមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានណែនាំយន្តការគាំទ្រសម្រាប់គម្រោងនេះ រួមទាំងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួនក្រោមច្បាប់ CREATE MORE។
ជម្រាបជូនថា តាមរយៈក្រុមហ៊ុនបុត្រសម្ព័មរបស់ខ្លួនគឺ VinFast ក្រុមហ៊ុន Vingroup បានចូល ក្នុងប្រទេសហ្វីលីពីនក្នុងខែឧសភា ឆ្នាំ២០២៤ ដោយការដាក់លក់រថយន្តអគ្គិសនី។ ក្រុមហ៊ុន Green SM ដែលជាក្រុមហ៊ុនហៅរថយន្តតាក់ស៊ីតាមកម្មវិធីទូរសព្ទបង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ក៏បានចាប់ផ្តើមសេវាកម្មរបស់ខ្លួននៅប្រទេសហ្វីលីពីន នៅក្នុងខែមិថុនាឆ្នាំមុន ផងដែរ៕

