លោក ត្រាំ ថាត្រូវការពេលតែ ៣នាទីប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលឲ្យលោក Macron ដំឡើងថ្លៃឱសថ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក បានអះអាងថា វាត្រូវការពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ សម្រាប់លោកដើម្បីចរចាតម្លៃឱសថជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីបានគំរាមដាក់ពន្ធគយរហូតដល់ ២៥% លើគ្រប់ទំនិញទាំងអស់។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២១ ខែមករា លោក ត្រាំ បានថ្លែងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស ដោយលើកឡើងពីសមិទ្ធផលនៃសេដ្ឋកិច្ចអាមេរិក និងគោលនយោបាយដែលបានអនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងពន្ធនាំចូលផងដែរ។

ក្នងអំឡុងពេលនោះដែរ លោក ត្រាំ បានឆ្លៀតចរចាជាមួយប្រធានាធិបតីបារាំង លោក Macron ទាក់ទងទៅនឹងតម្លៃឱសថតាមវេជ្ជបញ្ជា។ លោកបានស្នើឲ្យលោក Macron ដំឡើងថ្លៃថ្នាំពេទ្យនៅបារាំង ដោយសារតែតម្លៃនៅសហរដ្ឋអាមេរិកខ្ពស់ជាងរហូតដល់ ១៣-១៥ ដងឯណោះ។ លោកក៏បានលើកឧទាហរណ៍នៃថ្នាំគ្រាប់ដែលមានតម្លៃ ១៣០ដុល្លារនៅអាមេរិក ប៉ុន្តែត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ១០ដុល្លារ នៅបារាំង។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីងាមេរិក បាននិយាយទៀតថា លោកបានព្រមានប្រទេសបារាំងថា ពួកគេនឹងប្រឈមមុខនឹងពន្ធនាំចូលយ៉ាងច្រើន លុះត្រាតែតម្លៃឱសថត្រូវបានកើនឡើងទ្វេដង ឬបីដង ពីព្រោះពួកគេទទួលបានអត្ថប្រយោជន៍ពីការបោកប្រាស់នេះយូរពេកហើយ។ ដំបូងឡើយ លោក Macron បានបដិសេធលើរឿងនេះ។

ប៉ុន្តែទោះជាយ៉ាងណា លោក ត្រាំ បាននិយាយទៀតថា លោកនឹងដាក់ពន្ធ ២៥% លើផលិតផលទាំងអស់ និង ១០០% លើស្រាក្រហម និងស្រាសំប៉ាញបារាំង ប្រសិនបើពួកគេមិនព្រមដំឡើងតម្លៃលើឱសថទេនោះ។ ក្រោយមក លោក Macron ក៏បានយល់ព្រម។

យ៉ាងណាមិញ​ ក្រោយកិច្ចចរចានេះ លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ជាមធ្យម វាត្រូវការពេលត្រឹមតែបីនាទីប៉ុណ្ណោះសម្រាប់ប្រទេសនានា ដើម្បីនិយាយរឿងទាំងនេះដូចគ្នា៕​