នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia លោក Jensen Huang អាចប្រឈមមុខទៅនឹងការបែងចែកទ្រព្យសម្បត្តិដ៏ច្រើនលើសលប់មួយនៅក្នុងករណីលែងលះជាមួយភរិយារបស់លោក ដែលអាចមានចំនួនរហូតដល់ទៅ ៨១ពាន់លានដុល្លារ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Mirror Media បានរាយការណ៍ថាកាលពីថ្ងៃទី៩ ខែវិច្ឆិកាថា ប្រសិនបើបើលោក Huang លែងលះជាមួយភរិយារបស់លោក ហើយទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោកទាំងអស់ដែលត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិរួមនៅក្នុងចំណងអាពាហ៍ពិពាហ៍នោះ គឺមានន័យថា លោកស្រី Lori Huang នឹងទទួលបានចំណែកប្រមាណ ៨១,១ពាន់លានដុល្លារ។
ជុំវិញរបាយការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិលោក Jensen Huang បានទទួលស្គាល់ថាពិតមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញ។ ចំណែកឯភរិយារបស់លោក គឺលោកស្រី Lori Huang ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេល ៤១ឆ្នាំមកហើយនោះ នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយជាសាធារណៈពាក់ព័ន្ធទៅនឹងរឿងនេះនៅឡើយទេ។
គួរឲ្យដឹងផងដែរថា ប្រសិនបើមានករណ៍លែងលះគ្នា ការបែងចែកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់មួយអាចនឹងកើតឡើង ដោយលោកស្រី Lori នឹងទទួលបានទឹកប្រាក់ពាក់កណ្តាលនៃចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Huang ដែលបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦២,២ពាន់លានដុល្លារ។
ជម្រាបជូនថា យោងតាមច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ា ទ្រព្យសម្បត្តិរួមក្នុងអាពាហ៍ពិពាហ៍ជាទូទៅត្រូវបានបែងចែកស្មើៗគ្នា រវាងប្តីនិងប្រពន្ធ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនវិញ គឺត្រូវបានរក្សាទុកដាច់ដោយឡែក។ តែទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់លាស់ទេថា តើគ្រួសារលោក Huang មានកិច្ចព្រមព្រៀងលើទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍ដែរឬទេ ឬក៏កម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងនោះត្រូវបានរៀបចំឡើងយ៉ាងដូចម្តេចនៅក្នុងមូលនិធិផ្សេងៗរបស់ពួកគេ៕

