ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមដំឡើងពន្ធលើការប្រើប្រាស់អគ្គិសនីក្នុងប្រទេស សម្រាប់អតិថិជនមួយចំនួន

អន្តរជាតិ

ស្ថានីយ៍ចែកចាយថាមពលរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី Perusahaan Listrik Negara (PLN) នឹងធ្វើការដំឡើងពន្ធលើអគ្គិសនី សម្រាប់អតិថិជនមួយចំនួន ជាលើកដំបូង ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ ដោយសារតែការកើនឡើងតម្លៃថាមពលជាសកល ដែលធ្វើឱ្យប៉ះពាល់ដល់ចំនួនថវិកាឧបត្ថម្ភធន ដែលផ្តល់ដោយរដ្ឋាភិបាល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម មន្រ្តីជាន់ខ្ពស់របស់ក្រសួងថាមពលឥណ្ឌូនេស៊ី លោក Rida Mulyana បាននិយាយនៅថ្ងៃចន្ទនេះថា ពន្ធនឹងត្រូវដំឡើង ចាប់ពីថ្ងៃទី ១ ខែកក្កដា រួមទាំងគ្រួសារតែមានសមត្ថភាពប្រើប្រាស់ថាមពលអគ្គិសនី ៣ ៥០០ វ៉ុលអំពែរ (VA) និងខ្ពស់ជាងនេះ ។

យ៉ាងណាក៏ដោយ លោក Rida បាននិយាយថា ការដំឡើងពន្ធនេះ នឹងប៉ះពាល់តែគ្រួសារ ដែលមានប្រាក់ចំណូលមធ្យម ទៅខ្ពស់ ក៏ដូចជាអគាររដ្ឋាភិបាលប៉ុណ្ណោះ ខណ:ចំណាត់ការថ្មីនេះ អាចនឹងប៉ះពាល់ដល់អតិថិនរបស់ PLN ប្រហែល ២,៥% ស្របពេលពន្ធអគ្គិសនី សម្រាប់អាជីវកម្ម និងឧស្សាហកម្ម នឹងមិនត្រូវបានផ្លាស់ប្តូរនោះឡើយ ។

មិនតែប៉ុណ្ណោះ គ្រួសារដែលមានសមត្ថភាពប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី ៣ ៥០០ VA និងខ្ពស់ជាងនេះ នឹងត្រូវបានដំឡើងពន្ធ ១៧,៦% ក្នុងមួយគីឡូវ៉ាត់ម៉ោង ខណ:ពន្ធអគ្គិសនីសម្រាប់អគាររដ្ឋាភិបាល នឹងត្រូវបានឡើង ១៧,៦ និង ៣៦,៦% អាស្រ័យលើលក្ខណ:នៃអគារ ។

លើសពីនេះ PLN បានប៉ាន់ប្រមាណថា រាល់ការកើនឡើង ១ ដុល្លារ នៃតម្លៃប្រេងឆៅរបស់ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើឱ្យការចំណាយលើការផលិតអគ្គិសនី កើនឡើងប្រហែល ៥០០ ពាន់លានរូពី (៣៤,១១ លានដុល្លារ) ជាហេតុធ្វើឱ្យប៉ះពាល់ដល់ចំនួនប្រាក់ឧបត្ថម្ភ ដែលផ្តល់ដោយរដ្ឋាភិបាល ។

គួរឱ្យដឹងផងដែរថា សភារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីខែមុន បានអនុម័តសំណើរបស់រដ្ឋាភិបាល ដើម្បីបង្កើនការឧបត្ថម្ភធនសម្រាប់ថាមពល នៅឆ្នាំ ២០២២ ប្រហែល ២៣,៨ ពាន់លានដុល្លារ ដើម្បីរក្សាតម្លៃថាមពលមួយចំនួន មិនឱ្យមានការផ្លាស់ប្តូរ ចំពេលមានការកើនឡើងខ្លាំង នៃអតិផរណាជាសកល ៕

ប្រភព: Todayonline