សិង្ហបុរី ជ្រើសរើសយកប្រទេសអាស៊ានមួយ ជាប្រភពនាំចូលសាច់មាន់ថ្មី របស់ខ្លួន

អន្តរជាតិ

ថ្មីៗនេះ ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) បានបង្ហាញថា ប្រទេសរបស់ខ្លួន បានបន្ថែមឥណ្ឌូនេស៊ី ជាប្រភពថ្មីមួយផ្សេងទៀត សម្រាប់ការនាំចូលសាច់មាន់ស្រស់ បង្កក និងកែច្នៃ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

SFA បាននិយាយនៅក្នុងសារមួយ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ ” មាន់ ដែលចេញពីកន្លែងកែច្នៃរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានអនុម័ត ហើយឥឡូវនេះ ពួកគេអាចនាំចូលមាន់បន្ថែម ពីលើប្រភពដែលមានស្រាប់ ដូចជាប្រេស៊ីល ថៃ និងអូស្រ្តាលី ” ។

គួរឱ្យដឹងថា ឥឡូវនេះ ប្រទេសជាង ២០ ហើយ ត្រូវបានទទួលស្គាល់ ក្នុងការនាំចេញសាច់មាន់ មកកាន់សិង្ហបុរី ដែលជាការជំរុញបន្ថែម ដើម្បីធានាដល់ការផ្គត់ផ្គង់ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសម៉ាឡេស៊ី ក្នុងការដាក់បម្រាមនាំចេញសាច់មាន់របស់ខ្លួន កាលពីថ្ងៃទី ១ ខែមិថុនាកន្លងទៅ ។

បញ្ជាក់ទៀតថា ប្រហែលមួយភាគបី នៃការផ្គត់ផ្គង់សាច់មាន់របស់ប្រទេសសិង្ហបុរី គឺបាននាំចូលមកពីប្រទេសម៉ាឡេស៊ី ។

ដោយឡែក យោងតាមការសម្រេចចិត្តរបស់សិង្ហបុរី ក្នុងការអនុម័ត លើការនាំចូលសាច់មាន់ពីប្រទេសឥណ្ឌូនេស៊ី ដែលជាប្រភពផ្គត់ផ្គង់ថ្មីរបស់ខ្លួន បានកើតឡើង បន្ទាប់ពីសិង្ហបុរី បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ទៅកាន់ប្រទេសនេះ ដើម្បីធ្វើសវនកម្មសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងសុខភាពសត្វ សម្រាប់ការវាយតម្លៃ និងឈានដល់ការអនុម័ត ៕