ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយទៀតហើយ ប្រកាសគ្មានលទ្ធភាពសងបំណុល ១ ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Shimao Group របស់ប្រទេសចិន ថ្មីៗនេះ បានប្រកាសថាខ្លួន បានខកខានក្នុងការទូទាត់លើមូលបត្របំណុលចំនួន ១ ពាន់លានដុល្លារអាមេរិក ដែលឈានដល់ពេលកំណត់កាលពីថ្ងៃអាទិត្យ ទី ៣ ខែកក្កដា ចំពេលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងធ្លាក់ចូលទៅក្នុងបញ្ហា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរមួយ ចាប់តាំងពីអាជ្ញាធរ បានចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុនដែលជាប់បំណុលច្រើនហួសហេតុ ខណ:ពេលដែលក្រុមហ៊ុនខ្នាយយក្សដូចជា Evergrande និង Sunac កំពុងតែព្យាយាម ដើម្បីធ្វើការទូទាត់ និងចរចាឡើងវិញ ជាមួយម្ចាស់បំណុល ។

មិនតែប៉ុណ្ណោះ វិបត្តិនេះ ហាក់កំពុងតែបង្កឱ្យមានក្តីព្រួយបារម្ភបន្ថែមទៀត ទៅលើវិស័យអចលនទ្រព្យ ដែលអាចនឹងរីករាលដាលកាន់តែខ្លាំង នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលមួយផ្សេងទៀត គឺ Shimao បានប្រកាសថា ខ្លួនមិនមានលទ្ធភាព ក្នុងការទូទាត់ថ្លៃដើម និងការប្រាក់ ទៅលើបំណុលចំនួន ១ ពាន់លានដុល្លារ នោះឡើយ ។

លើសពីនេះ នៅក្នុងឯកសារមួយ ដែលផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង ក្រុមហ៊ុន Shimao បានអះអាងថាពួកគេ មិនមានលទ្ធភាពក្នុងការបង់ប្រាក់ចំនួន ១,០២ ពាន់លានដុល្លារ សម្រាប់ប្រាក់ដើម និងការប្រាក់ ដល់ម្ចាស់បំណុលបាននោះទេ ដោយសំអាងលើ ភាពមិនច្បាស់លាស់នៃទីផ្សារ ជុំវិញការផ្តល់ហិរញ្ញប្បទានបំណុលឡើងវិញ និង លក្ខខណ្ឌប្រតិបត្តិការ និងការផ្តល់ហិរញ្ញប្បទានដ៏លំបាក ។

ជាងនេះទៅទៀត ក្រុមហ៊ុន Shimao បានអះអាងថា ខ្លួននៅមិនទាន់ទទួលបានការជូនដំណឹងពីម្ចាស់បំណុល ក្នុងការពន្លឿនឱ្យទូទាត់បំណុលនៅឡើយទេ ស្របពេលម្ចាស់បំណុល ក៏បានបង្ហាញថាពួកគេមិនបានចាត់វិធានការចំពោះមុខច្បាប់ លើរឿងនេះផងដែរ ។

គួរឱ្យដឹងថា Shimao គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន សណ្ឋាគារ ការិយាល័យ និងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសចិន ជាមួយនឹងគម្រោងនៅក្នុងទីក្រុងធំៗដូចជា ប៉េកាំង និងសៀងហៃជាដើម ៕