អាជ្ញាធរចិន បញ្ជាឱ្យបិទរោងចក្រស្ទើទាំងអស់ នៅខេត្តស៊ីឈួន ក្រោយខ្វះខាតអគ្គិសនី

អន្តរជាតិ

អាជ្ញាធររបស់ប្រទេសចិន បានបញ្ជាឱ្យរោងចក្រ ស្ទើតែទាំងអស់ នៅក្នុងខេត្តស៊ីឈួន បិទរយ:ពេល ៦ ថ្ងៃ​ ដោយសារតែត្រូវផ្តាច់ចរន្តអគ្គិសនី នៅតាមរោងចក្រនានា ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ទូទៅជំនួសវិញ នៅពេលដែលប្រទេសនេះ កំពុងព្យាយាមទប់ទល់ជាមួយរលកកំដៅ ដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៦១ មក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្តនៅភាគខាងលិចប្រទេសចិន ដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់ ពាក់ព័ន្ធជាមួយនឹងការផលិតបន្ទះស្រូបថាមពលព្រះអាទិត្យ និងគ្រឿងអេឡិចត្រូនិក ត្រូវបានបញ្ជាឱ្យផ្អាកដំណើរការផលិតកម្មរបស់ខ្លួន ដើម្បីអាចធ្វើការបែងចែកថាមពល នៅតាមគេហដ្ឋាន ការិយាល័យ និងផ្សារទំនើប នៅក្នុងទីក្រុង ។

ទៀតសោត ក្រុមហ៊ុនធំៗដូចជា Foxconn និង Intel រួមទាំងក្រុមហ៊ុន Tongwei ក៏ត្រូវបានបង្ខំឱ្យផ្អាកដំណើរការផងដែរ ចំពេលមានតម្រូវការប្រើប្រាស់ថាមពលកើនឡើង នៅពេលអាជ្ញាធរ ចាំបាច់ត្រូវធានាដល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ សម្រាប់សារធារណាជន ។

ជាងនេះទៅទៀត ក្រុមហ៊ុនផលិតអាលុយមីញ៉ូម Henan Zhongfu Industrial ក្រុមហ៊ុនផលិតសារធាតុគីមី Sichuan Guoguang Agrochemical និងក្រុមហ៊ុនផលិតជីគីមី Sichuan Meifeng Chemical Industry ក៏ដូចជា Sichuan Lutianhua បានចេញសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារហ៊ុន ថាពួកគេកំពុងផ្អាកដំណើរការផលិត នៅសប្តាហ៍នេះ។

ដោយសារតែខេត្តស៊ីឈួន បានពឹងផ្នែកខ្លាំង ប្រមាណ ៨០% លើថាមពល ដែលទទួលបានពីទំនប់វារីអគ្គិសនី ហើយចំពេលសីតុណ្ហភាពកើនឡើង និងមានភ្លៀងធ្លាក់តិចតួចនៅរដូវក្តៅនេះ ដូច្នេះទើបរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ថាមពល នៅតាមរោងចក្រ ដើម្បីបំពេញតម្រូវការទូទៅ ជំនួសវិញ ៕