ប្រធានាធិបតីឥណ្ឌូនេស៊ី ថាតម្លៃប្រេងឥន្ធន:ក្នុងប្រទេស អាចនឹងត្រូវដំឡើង នៅសប្តាហ៍នេះ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Pandjaitan បាននិយាយក្នុងពេលថ្មីៗនេះថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អាចនឹងប្រកាសអំពីការដំឡើងថ្លៃប្រេងឥន្ធន: ក្នុងប្រទេស នៅអំឡុងសប្តាហ៍នេះ ដើម្បីកាត់បន្ថយការចំណាយ លើការឧបត្ថម្ភធនថាមពល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ បានបង្កើនថវិកាឧបត្ថម្ភធនលើថាមពលបីដងរួចមកហើយ នៅឆ្នាំ ២០២២ នេះ ដល់ចំនួន ដល់ ៥០២ ទ្រីលានរូពៀ ឬ ៣៣,៨២ ពាន់លានដុល្លារ ចំពេលតម្លៃប្រេងបានកើនឡើង និងការធ្លាក់ចុះនៃតម្លៃប្រាក់រូពៀ ។

ដោយឡែក ប្រធានាធិបតី លោក Widodo បាននិយាយកាលពីដើមសប្តាហ៍មុនថា លោកកំពុងពិចារណាលើការដំឡើងថ្លៃប្រេង បន្ទាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Sri Mulyani Indrawati បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ទំនងជាត្រូវការប្រាក់បន្ថែមទៀត បើសិនចង់ឱ្យតម្លៃប្រេងឥន្ធន: នៅក្នុងប្រទេសរក្សាឱ្យនៅថេរ រហូតដល់ចុងឆ្នាំនោះ ។

អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ី បានឡើងដល់កម្រិតខ្ពស់បំផុត រយៈពេលប្រាំពីរឆ្នាំចុងក្រោយ គឺ ៤,៩៤% ក្នុងខែកក្កដា ដោយសារការកើនឡើងតម្លៃស្បៀងអាហារ ស្របពេលប្រធានាធិបតីរូបនេះ បាននិយាយថា ប្រសិនបើរដ្ឋាភិបាលមិនផ្លាស់ប្តូរតម្លៃប្រេងឥន្ធនៈ និងពន្ធលើថាមពលទេ នោះអតិផរណាអាចនឹងកើនឡើងខ្ពស់ជាងនេះ ៕