ក្រុមហ៊ុនលក់រាយធំបំផុតរបស់ថៃ ត្រៀមបោះទុនបន្ថែមជិត ១,៣ ពាន់លានដុល្លារ ពង្រីកហាងនៅទ្វីបអឺរ៉ុប

អន្តរជាតិ

ក្រុមហ៊ុនលក់ទំនិញរាយដ៏ធំបំផុតរបស់ប្រទេសថៃ Central Group ថ្មីៗនេះ បាននិយាយថា ខ្លួនគ្រោងនឹងពង្រីកការបោះជំហានរបស់ក្រុមហ៊ុន នៅក្នុងទ្វីបអឺរ៉ុបបន្ថែមទៀត ជាមួយនឹងការវិនិយោគទឹកប្រាក់ ១,៣ ពាន់លានអឺរ៉ូ (ប្រហែល ១,២៨ ពាន់លានដុល្លារ) ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ សម្រាប់ការបង្កើតហាងថ្មីៗ និងធ្វើឱ្យមានប្រសើឡើង លើពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាម អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Central បានត្រៀមថវិកាចំនួន ៩០០ លានអឺរ៉ូ ដើម្បីវិនិយោគក្នុងគម្រោងហាងថ្មី ចំនួន ៣ នៅក្នុងប្រទេសអាល្លឺម៉ង់ អូទ្រីស និងស្វីស ដោយបូករួមទឹកប្រាក់បន្ថែមចំនួន ៣៧៥ លានអឺរ៉ូ ដែលនឹងត្រូវបានបែងចែកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យប្រសើរឡើងនូវហាង ដែលមានស្រាប់។

លើសពីនេះ ក្រុមហ៊ុន បាននិយាយថាផែនការផ្សេងទៀត ក៏រួមបញ្ចូលផងដែរ នូវការពង្រីកលើការលក់ ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ( E-Commerce ) របស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប ពីកម្រិតនៃការលក់សរុបបច្ចុប្បន្ន ១៧% ឬក្នុងទំហំទឹកប្រាក់ ១ ពាន់លានអឺរ៉ូ ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Tos Chirathivat បាននិយាយថា យើងនឹងពង្រីកភាពជាដៃគូជាមួយ នឹងម៉ាកយីហោប្រណីតៗ នៅក្នុងទីក្រុងទេសចរណ៍ធំៗ របស់អឺរ៉ុប និងជំរុញឱ្យមានវត្តមានពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុន នៅក្នុងទ្វីបអឺរ៉ុប តាមរយ:គេហទំព័រ Selfridges.com របស់យើង ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Central បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់សរុបរបស់ខ្លួន នឹងកើនឡើងដល់ ៦,៧ ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ៦,៦៧ ពាន់លានដុល្លារ នៅឆ្នាំ ២០២២ នេះ ៕