ឥណ្ឌាថា ការទិញចូលប្រេងពីរុស្ស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រប់គ្រងអតិផរណារបស់ខ្លួន

អន្តរជាតិ

ប្រទេសឥណ្ឌា បានទទួលស្គាល់ថាការនាំចូលប្រេងពីប្រទេសរុស្ស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រងអតិផរណាក្នុងប្រទេសរបស់ខ្លួន ខណ:រដ្ឋាភិបាលទីក្រុងញូវដេលី បានអះអាងទៀតថា មិនត្រឹមតែឥណ្ឌាប៉ុណ្ណោះទេ សូម្បីតែប្រទេសផ្សេងទៀត ក៏បានប្រើប្រាស់យុទ្ធសាស្រ្តនេះផងដែរ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បានបញ្ជាក់ទៀតថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ី​បានកើនឡើងដល់ចន្លោះពី ១២% ទៅ ១៣% នៃការនាំចូលប្រេងសរុបរបស់ខ្លួន ចាប់តាំងពីខែកុម្ភ:មក ។

គួរឱ្យដឹងថា ឥណ្ឌា គឺជាប្រទេសដែលប្រើប្រាស់ និងនាំចូលប្រេងឆៅធំជាងគេទីបីរបស់ពិភពលោក ស្របពេលលោកស្រី Sitharaman បាននិយាយទៀតថា នាយករដ្ឋមន្ត្រី លោក Narendra Modi ស័ក្តិសមនឹងទទួលបានការកោតសរសើរ សម្រាប់ការដែលធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ។

“ ខ្ញុំនឹងផ្តល់ការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រាកដថា យើងបានរក្សាទំនាក់ទំនងជាមួយប្រទេសទាំងអស់ ប៉ុន្តែយើងនៅតែអាចនាំចូលប្រេងពីរុស្ស៊ី ដូចទៅនឹងអ្វីដែលជប៉ុន និងប្រទេសដទៃមួយចំនួនទៀត កំពុងធ្វើសព្វថ្ងៃ ” ។ នេះបើតាមសម្តីរបស់លោកស្រី Sitharaman បាននិយាយ នៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុង New Delhi ។

បន្ថែមពីនេះ រដ្ឋមន្ត្រីនៃរដ្ឋាភិបាលឥណ្ឌា បាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់ខ្លួន គឺចាំបាច់ត្រូវបន្តទិញប្រភពថាមពលពីរុស្ស៊ី ដើម្បីរក្សាអតិផរណា ឱ្យស្ថិតក្រោមការត្រួតពិនិត្យ៕