ការលក់ផ្ទះថ្មីរបស់ចិន ធ្លាក់ចុះជិត ៣៨% ក្នុងអំឡុងថ្ងៃសម្រាកបុណ្យជាតិ

អន្តរជាតិ

យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីចុងសប្តាហ៍មុនថា ការលក់ផ្ទះថ្មីរបស់ចិន បានធ្លាក់ចុះ ៣៧,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ រយ:ពេលពេញមួយសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែតុលាមក ខណ:វិធានការទប់ស្កាត់ដ៏តឹងរ៉ឹង ទាក់ទងនឹងជំងឺកូវីដ-១៩ បានធ្វើឱ្យតម្រូវការកាន់តែធ្លាក់ចុះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីផ្សារអចនលទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ដោយសារតែការលក់ធ្លាក់ចុះ រួមទាំងក្រុមហ៊ុនអភិវឌ្ឍបានជំពាក់បំណុលគេ ដែលជាហេតុធ្វើឱ្យអតិថិជនចាប់ផ្តើមបាត់បង់ទំនុកចិត្តទៅលើវិស័យមួយនេះ រួមទាំងបានធ្វើកូដកម្ម មិនព្រមបង់ថ្លៃផ្ទះ ដែលធ្វើមិនទាន់រួចរាល់ថែមទៀតផង ។

យ៉ាងណា នៅក្នុងចំណោមទីក្រុងចំនួន ២០ ដែលត្រូវបានត្រួតពិនិត្យដោយ Chan Index Acandemy ត្រូវបានមើលឃើញថា ការលក់ផ្ទះជាមធ្យមប្រចាំថ្ងៃ នៅក្នុងទីក្រុងលំដាប់ទី ៤ ទាំងអស់ បានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងរដូវកាលវិស្សមកាល កាលពីឆ្នាំមុន ជាមួយនឹងការថយចុះចំនួន ៦៤% នៅទីក្រុងប៉េកាំង , ៤៩% នៅទីក្រុង Shenzhen និង ៤៧% នៅទីក្រុងសៀងហៃ ។

ដោយឡែកការធ្លាក់ចុះខ្លាំងបំផុត នៅក្នុងឆ្នាំនេះ គឺបានកើតឡើងនៅភាគខាងកើតនៃទីក្រុង Hangzhou ពោលគឺការលក់បានធ្លាក់ចុះក្នុងចំនួនរហូតដល់ទៅ ៨០% ឯណោះ បើធៀបទៅនឹងទីក្រុងផ្សេងៗទៀត ។

គួរឱ្យដឹងថា ទីក្រុងជាច្រើនរបស់ចិន បានណែនាំអំពីវិធានការ ក្នុងការប្រឆាំងនឹងការធ្វើដំណើរ ដែលមិនចាំបាច់សម្រាប់ថ្ងៃបុណ្យជាតិ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កំពុងមានភាពធ្ងន់ធ្ងរ ដែលបានធ្វើឱ្យមនុស្សរាប់សិបលាននាក់ ស្ថិតនៅក្រោមការបិទខ្ទប់ ។

ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំមង ដើម្បីជំរុញទីផ្សារអចលនទ្រព្យឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយអត្រាការប្រាក់បញ្ចាំ កាត់បន្ថយអត្រាការប្រាក់លើកម្ចីមូលនិធិ និងផ្តល់ការបញ្ចុះតម្លៃពន្ធ លើប្រាក់ចំណូលបុគ្គលសម្រាប់អ្នកទិញផ្ទះផងដែរ ៕