អស់ពី Nissan ឥឡូវនេះក្រុមហ៊ុន Hyundai ក៏កំពុងពិចារណាឈប់ឈរជើងរកស៊ី នៅរុស្ស៊ីផងដែរ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុន Hyundai Motor កំពុងពិចារណាដកខ្លួនចេញពីប្រទេសរុស្ស៊ី ដោយរួមទាំងការលក់រោងចក្ររបស់ខ្លួន នៅទីនោះផងដែរ បន្ទាប់ពីបានផ្អាកធ្វើអាជីវកម្មអស់រយ:ពេលជាច្រើនខែកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រជាច្រើន នៅក្នុងប្រទេសរុស្ស៊ី បានផ្អាកការផលិត និងបញ្ឈប់កម្មករ ដោយសារតែកង្វះខាតឧបករណ៍បច្ចេកវិទ្យា ដើម្បីផ្គត់ផ្គង់តម្រូវការ ក្រោយពីប្រទេសមួយនេះ ត្រូវបានដាក់ទណ្ឌកម្ម ចាប់តាំងពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ:មក ។

បើតាមសារព័ត៌មាន Dong-a Ilbo បាននិយាយថា ថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងរបស់ខ្លួន នៅប្រទេសរុស្ស៊ី ថាអាចនឹងបញ្ចប់អាជីវកម្មទាំងស្រុង ដោយសារតែបរិយាកាសប្រតិបត្តិការដ៏លំបាកនៅទីនោះ ។

លើសពីនេះ លោក Esther Yim អ្នកវិភាគនៅក្រុមហ៊ុន Samsung Securities បាននិយាយថា ៖ “យើងមានការប៉ាន់ស្មានថា Hyundai និង Kia កំពុងមានការខាតបង់យ៉ាងហោចណាស់ ៤៥០ ពាន់លានវ៉ុន (៣១៥លានដុល្លារ) នៅឆ្នាំនេះ ដោយសារបរិយាកាសអាជីវកម្មដ៏អាប់អួរ នៅក្នុងប្រទេសរុស្ស៊ី” ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Hyundai Motor បានផ្អាកប្រតិបត្តិការ នៅរោងចក្ររុស្ស៊ីរបស់ខ្លួន ក្នុងខែមីនា ហើយបើតាមឯកសារបទប្បញ្ញត្តិពីក្រុមហ៊ុន បានបង្ហាញថាខ្លួនមិនបានលក់រថយន្ត នៅក្នុងប្រទេសនេះទៀតទេ ចាប់តាំងពីខែសីហា និងខែកញ្ញាកន្លងមក ។

ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនជប៉ុន Nissan Motor Co Ltd ក៏បានប្រកាសថា នឹងលក់អាជីវកម្មរបស់ខ្លួនទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ក្នុងតម្លៃត្រឹម ១ អឺរ៉ូ ដោយយល់ព្រមទទួលយកការខាតបង់យ៉ាងហោចណាស់ ៦៨៧ លានដុល្លារ ដើម្បីអាចដើរចេញពីប្រទេសកំពុង​ងប់​ងល់​ជាមួយនឹងសង្គ្រាមមួយនេះ ៕