ចិន រាយការណ៍ពីការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ខ្លួន តែហានិភ័យនៅតែអាចកើតមាន

អន្តរជាតិ

សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ទុះងើបឡើងវិញ ក្នុងល្បឿនលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែមានហានិភ័យខ្ពស់សម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹង រួមទាំងវិបត្តិអចលនទ្រព្យ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលអាចកើតមាននៅឆ្នាំក្រោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង ៣,៩% នៅក្នុងត្រីមាសទី ៣ ដែលរាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ពោលគឺបានកើនឡើងលើសការព្យាករ ៣,៤% ក្នុងការស្ទង់មតិរបស់អ្នកវិភាគ Reuters ។

គួរឱ្យដឹងថា ដំបូងឡើយទិន្នន័យផ្លូវការ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលា ប៉ុន្តែវាត្រូវបានពន្យាពេលរហូតដល់ថ្ងៃនេះ បន្ទាប់ពីសមាជបក្សកម្មុយនិស្ត ដែលបានរៀបចំធ្វើឡើង កាលពីសប្តាហ៍មុន ត្រូវបានបិទបញ្ចប់ ។

ទោះបីជាមានការងើបស្ទុះឡើងវិញក៏ដោយ តែសេដ្ឋកិច្ចរបស់ចិន កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ទាំងក្នុង និងក្រៅប្រទេស នៅពេលដែលវិស័យអចលទ្រព្យដ៏សំខាន់របស់ខ្លួន បានទទួលរងសម្ពាធពីខាងក្រៅ កាន់តែខ្លាំងឡើង ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចជាសកល នៅពេលមានការតំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់នឹងការកើនឡើងខ្ពស់នៃអតិផរណា ។

បើតាមការស្ទង់មតិពីទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្លាក់ចុះមកនៅត្រឹម ៣,២% នៅឆ្នាំ ២០២២ នេះ ពោលគឺទាបជាគោលដៅផ្លូវការប្រហែល ៥,៥% ដែលជាការកត់ត្រាលទ្ធផលដ៏អាក្រក់បំផុតមួយ ក្នុងរយ:ពេលជិតកន្លងសតវត្សចុងក្រោយ ។

ក្រុមអ្នកបង្កើតនរយោបាយចិន បានដាក់ចេញនូវវិធានការគាំទ្រសេដ្ឋកិច្ចជាង ៥០ ចំណុច ចាប់តាំងពីចុងខែឧសភាមក ក្នុងគោលបំណងដើម្បីធ្វើការជំរុញសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយសម្ពាធការងារ បើទោះពីជាពួកគេបានបង្ហាញពីសារ:សំខាន់ នៃការឈានដល់គោលដៅកំណើន ដែលត្រូវបានកំណត់ នៅក្នុងខែមីនាក៏ដោយ ៕