លោក ចូ បៃដិន នឹងមកដល់កម្ពុជា នៅម៉ោង៨ព្រឹកស្អែក ជាមួយក្តីរំពឹងដ៏ធំមួយ

អន្តរជាតិ

លោក​ប្រធានាធិបតី​អាមេរិក​ទី​៤៦​ ចូ បៃដិន (Joe Biden) ​​នឹង​អញ្ជើញ​ធ្វើ​ដំណើរ​មក​ដល់​​​​រាជធានីភ្នំពេញ ​នៅ​វេលា​ម៉ោង​ប្រមាណ ​​៨:០៥នាទី​ព្រឹក ​​ថ្ងៃ​សៅរ៍ ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​​ស្អែក​នេះ ដើម្បី​​​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ។ ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​ ចូ បៃដិន​ មាន​​ក្តី​រំពឹង​ដ៏​ធំ​មួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​សារព័ត៌មាន Politico ​​បាន​ឱ្យ​ដឹង​ថា លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ​​នឹង​ធ្វើ​ដំណើរ​​មក​ដល់​ប្រទេស​កម្ពុជា ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​​ជាមួយ​នឹង​ក្តី​រំពឹង​ថា លោក​នឹង​អាច​​ពង្រឹង​ឡើង​វិញ​​​នូវ​ទំនាក់ទំនង​​របស់​សហរដ្ឋអាមេរិក ​​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​នៅ​​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក រួម​ទាំង​តំបន់​អាស៊ាន ខណៈ​ដែល​​តំបន់​ទាំង​នេះ ​កំពុង​មាន​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​យ៉ាង​ខ្លាំង។

គួរ​រំលឹក​ថា ​​​​​​ក្រុម​អង្គរក្ស និង​ក្រុមការងារ​ពិធីការ​របស់​លោក​ប្រធានាធិបតី​អាមេរិក ​​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​បាន​ដឹក​ទាំង​រថយន្ត “The Beast” មក​ដល់​រាជធានីភ្នំពេញ ​តាំង​ពី​ចុង​ខែ​តុលា ​ខណៈ​ដែល​​​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា នេះ​ គេ​បាន​ប្រទះ​ឃើញ​រថយន្តប្រធានាធិបតីសហរដ្ឋអាមេ​រិក “The Beast”​ ​ចំនួន​២​គ្រឿង​ ​បាន​ចូលចាក់សាំង​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ​នៅលើផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១)​ គឺ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ សូគីមិច ​រួច​រាល់​ហើយ​ផង​ដែរ ដើម្បី​ត្រៀម​ជូន​ដំណើរ​ថ្នាក់​ដឹកនាំ​កំពូល​​លំដាប់​ពិភពលោក​រូប​នេះ ​​មក​កាន់​ទីកន្លែង​នៃ​កិច្ច​ប្រជុំ នៅ​សណ្ឋាគារ សុខា ភ្នំពេញ។

សូម​ជម្រាប​​ថា មុន​មកដល់​កម្ពុជា មេដឹកនាំអាមេរិក ចូ បៃដិន​ ​ទើប​បាន​ចូល​រួម​អង្គ​ប្រជុំ​សំខាន់​មួយ ​នៅ​ប្រទេស​អេហ្ស៊ីប ​គឺកិច្ច​ប្រជុំ​ស្ដី​ពី​បម្រែបម្រួលអាកាសធាតុ រៀបចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ COP27 United Nations នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា​នេះ ហើយលោក​នឹង​ស្រូត​ធ្វើដំណើរ​មក​កម្ពុជា​ឱ្យ​​ទាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃទី ១២ និង ១៣ វិច្ឆិកា មុន​នឹង​លោក​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ G20 ពី​ថ្ងៃទី ១៣ រហូត​ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា​ បន្តទៀត៕