លោក ស៊ីជិនពីង៖ ប្រទេសចិនរីករាយក្នុងការរួមជាមួយប្រទេសទាំងអស់រួមរស់ដោយសន្តិភាពនិងអភិវឌ្ឍ

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើងថា ប្រទេសចិនរីករាយក្នុងការរួមជាមួយប្រទេសទាំងអស់រួមរស់ដោយសន្តិភាពនិងអភិវឌ្ឍជាមួយគ្នាដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា។ លោកសង្កត់ធ្ងន់ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះក្រៅប្រទេសដែលមានក្របខណ្ឌកាន់តែធំ មានវិស័យកាន់តែច្រើននិងមានភាពកាន់តែស៊ីជម្រៅ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវទំនើបកម្មតាមបែបផែនចិន កសាងយន្តការថ្មីផ្នែកសេដ្ឋកិច្ចបែបបើកទូលាយដែលប្រកបដោយកម្រិតកាន់តែខ្ពស់ បន្តចែករំលែកជាមួយពិភពលោកជាពិសេសអាស៊ីប៉ាស៊ីហ្វិកនូវឱកាសអភិវឌ្ឍន៍របស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ កាលពីថ្ងៃទី១៨ វិច្ឆិកា នាក្រុងបាងកក ប្រទេសថៃ លោក ស៊ីជិនពីង បានលើកឡើងថា ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព។ ទន្ទឹមនឹងនេះលោកបានអំពាវនាវឱ្យភាគីនានាចាប់ដៃគ្នាកសាងសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក និងបង្កើតភាពត្រចះត្រចង់ថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ីប៉ាស៊ីហ្វីក។

បើតាមប្រធានាធិបតីចិន សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងលឿនក្នុងរយៈពេលរាប់សិនឆ្នាំកន្លងទៅនេះ ប្រការនេះគឺមានអំណោយផលពីបរិយាកាសសន្តិភាពនិងស្ថិរភាព។ គន្លឹះសំខាន់មួយគឺការគោរពគ្នាទៅវិញទៅមក សាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការ ពេលជួបប្រទះបញ្ហា យើងពិគ្រោះពិភាក្សាជាមួយគ្នា ដើម្បីស្វែងរកផលប្រយោជន៍រួមធំបំផុត។

លោកបន្ថែមទៀតថា យើងត្រូវតែប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខប្រកបដោយភាពរួម ចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គោរពមាគ៌ាអភិវឌ្ឍន៍និងរបបសង្គមដែលប្រជាជននៃប្រទេសនានាបានជ្រើសរើសដោយម្ចាស់ការ ផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ដោយសមហេតុផលចំពោះផ្នែកសុវត្ថិភាពរបស់ប្រទេសនានា ដោះស្រាយជម្លោះនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធី ដូចជាតាមរយៈកិច្ចសន្ទនានិងកិច្ចពិគ្រោះពិភាក្សាជាដើម។ យើងត្រូវចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅមុខតាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុសមផល។

លោក ស៊ី បានលើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែឆ្លងរាលដាល ការស្តារសេដ្ឋកិច្ចពិភពលោកប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ឯកតោភាគីនិយម ការគាំពារនិយមមានសភាពងើបឡើងខ្លាំង ដែលបានប៉ះពាល់ខ្លាំងដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ យ៉ាងណាលោកថា អាស៊ីប៉ាស៊ីហ្វិកជាផ្ទះរបស់យើងគ្រប់គ្នា ក៏ជាប្រភពកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។

ទោះបីជាបែបនេះក្តី លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា បច្ចុប្បន្ន សកលលោកបានឈរលើមាត់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត ឋានៈនៃអាស៊ីប៉ាស៊ីហ្វិកកាន់តែសំខាន់ឡើង តួនាទីនៃអាស៊ីប៉ាស៊ីហ្វិកក៏កាន់តែលេចធ្លោដែរ។ ក្នុងបរិបទថ្មី យើងគួរពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ យើងគួរប្រកាន់ខ្ជាប់ការរួមជោគវាសនាដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក។ គាំពារឋានៈសំខាន់នៃអង្គការAPECក្នុងកិច្ចសហប្រតិបត្តិការតំបន់ បន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូអាស៊ីប៉ាស៊ីហ្វិកកាន់តែមានទំនុកចិត្តចំពោះគ្នា រិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕