ក្រុមហ៊ុនខ្នាតយក្សរុស្ស៊ីមួយ ត្រៀមបើកការិយាល័យដំបូង នៅក្នុងប្រទេសចិន

អន្តរជាតិ

នៅមួយរយ:ពេលចុងក្រោយនេះ ក្រុមហ៊ុនធំៗរបស់រុស្ស៊ីជាច្រើន បាននិងកំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយ ដើម្បីងាកទៅជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិនវិញ បន្ទាប់ពីបណ្តាប្រទេសនៅលោកខាងលិច បានដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពាន ទៅលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយយ៉ាងណាមិញ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញ Ozon Holdings គ្រោងនឹងបើកការិយាល័យដំបូងរបស់ខ្លួន នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដើម្បីជំរុញដល់ការលក់ទំនិញ ទៅកាន់ប្រជាជន នៅក្នុងប្រទេសរុស្ស៊ី លើវេទិការអនឡាញរបស់ខ្លួន។

ប្រភពដដែលនេះ បានអះអាងទៀតថា​ ក្រុមហ៊ុន Ozon ក៏បានធ្វើការផ្លាស់ប្តូរស្រដៀងគ្នានេះ នៅក្នុងប្រទេសតួកគីផងដែរ នៅពេលដែលសេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងព្យាយាមងាកចេញពីទីផ្សារក្នុងប្រទេសលោកខាងលិច និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ជាមួយប្រទេសធំៗផ្សេងទៀត ដូចជាចិន តួកគី និងអ៊ីរ៉ង់ ជំនួសវិញ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ozon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះ ក្រុមហ៊ុនរបស់ខ្លួន មានអ្នកលក់ជាជនជាតិចិន ចំនួន ១០ ០០០ នាក់រួចទៅហើយ ដើម្បីអាចផ្តល់ជូនទំនិញ ទៅកាន់អតិថិជនរុស្ស៊ី នៅលើទីផ្សារអនឡាញរបស់ខ្លួន។ តែយ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន មិន​បាន​បញ្ជាក់​ថា តើ​ការិយាល័យដំបូងរបស់ខ្លួន នៅចិន ​នឹងដាក់​ដំណើរការ​ពេញ​លេញ​ នៅ​ពេល​ណា​នោះឡើយ។

លើសពីនេះ Ozon បានបង្ហាញទៀតថា ផលិតផលចិន មានតម្រូវការខ្ពស់ នៅក្នុងប្រទេសរុស្ស៊ី ហើយការបញ្ជាទិញដ៏ពេញនិយមបំផុតសម្រាប់អតិថិជនរុស្ស៊ី ពីប្រទេសចិន មានដូចជាគ្រឿងអេឡិចត្រូនិក ស្មាតហ្វូន កុំព្យូទ័រយួរដៃ គ្រឿងបន្លាស់កុំព្យូទ័រ ក៏ដូចជាឧបករណ៍តូចៗ និងសំលៀកបំពាក់ជាដើម ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Ozon បានធ្វើការរាយការណ៍ពីការកើនឡើងប្រាក់ចំណូលសរុបរបស់ខ្លួន នៅត្រីមាសទីបី រហូតដល់ ៤៨% ក្នុងទំហំទឹកប្រាក់ប្រមាណ ៦១,៥ ពាន់លានរូបល (ប្រហែលជាង ១ ពាន់លានដុល្លារ) ឯណោះ ៕

22 Shares