ហ្វីលីពីន គ្រោងចាយលុយ ៣២២ លានដុល្លារ សាងសង់ផ្លូវទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេស

អន្តរជាតិ

យោងតាមសមាជិកសភាហ្វីលីពីន លោក Marvin Rillo ក្នុងពេលថ្មីៗកន្លងទៅនេះ បាននិយាយថា ប្រទេសរបស់ខ្លួន គ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ ១៧,៧ ពាន់លានប៉េសូ ឬ ៣២២ លានដុល្លារ ក្នុងការកសាង និងកែលម្អផ្លូវ ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជាភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ លោក Marvin បាននិយាយទៀតថា ប្រទេសហ្វីលីពីន ត្រូវការអភិវឌ្ឍផ្លូវ និងស្ពានបន្ថែមទៀត ដើម្បីបើកតំបន់គោលដៅទេសចរណ៍ថ្មីៗ សម្រាប់បម្រើដល់ភ្ញៀវទេសចរ នៅទូទាំងប្រជុំកោះក្នុងប្រទេស ។

តាមរយ:គោលដៅថ្មីនេះ លោក Marvin បានបន្ថែមទៀតថា ក្រសួងទេសចរណ៍ និងសាធារណ:ការ រួមទាំងនាយកដ្ឋានផ្លូវហាយវេ បានធ្វើការកំណត់គម្រោងរួមគ្នា ដែលនឹងត្រូវបានផ្តល់មូលនិធិ ស្ថិតនៅក្រោមកម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្លូវទេសចរណ៍របស់រដ្ឋាភិបាល ។

គួរឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ សភាតំណាងរាស្រ្តហ្វីលីពីន បានធ្វើការអនុម័ត ទៅលើសេចក្តីព្រាងច្បាប់ ចំនួន ៣៤ ដែលនឹងត្រូវកំណត់គោលដៅទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេស រួមមានតំបន់ទឹកធ្លាក់ ឧទ្យានជាតិ និងរូងភ្នំ ។

ជាងនេះទៅទៀត ហ្វីលីពីន កំពុងធ្វើការកែលម្អកការតភ្ជាប់ និងផ្តល់ភាពងាយស្រួល ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើន រួមទាំងការធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដែលមានស្រាប់ផងដែរ ។

ជម្រាបជូនថា បើតាមនាយកដ្ឋានទេសចរណ៍របស់ហ្វីលីពីន បានបង្ហាញឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិចំនួន ២,៦៥ លាននាក់ បានមកដល់ ​នៅក្នុងឆ្នាំ ២០២២ ដែលនាំឱ្យប្រទេសនេះ ទទួលបានប្រាក់ចំណូលចំនួន ២០៨,៩៦ ពាន់លានប៉េសូ (៣,៨ ពាន់លានដុល្លារ) ៕