ប្រជាជនឡាវ ចាប់ផ្តើមងាកមកចាប់អារម្មណ៍លើរថយន្តអគ្គិសនី ក្រោយមានកង្វះខាតប្រេងឥន្ធន:

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឡាវ បានចាប់ផ្តើមបង្កើនការផ្សព្វផ្សាយ កាន់តែខ្លាំង អំពីរថយន្តអគ្គិសនី ដោយសង្ឃឹមថាអាចនឹងជួយកាត់បន្ថយ ការនាំចូលប្រេងឥន្ធន: និងអាចធានាដល់ការផ្គត់ផ្គង់ថាមពល នៅក្នុងប្រទេសខ្លួនបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Thongphat Inthavong អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បាននិយាយថា ឥឡូវនេះ ពលរដ្ឋឡាវ បានចាប់ផ្តើមងាកមកចាប់អារម្មណ៍ប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន បន្ទាប់ពីបានជួបកង្វះខាតប្រេងឥន្ធន: និងការកើនឡើងតម្លៃប្រេងឥន្ធន:មក។ ហើយសម្រាប់យានយន្តអគ្គិសនី ត្រូវបានគេរំពឹងទុកថា នឹងមានចំនួន ១% នៃយានយន្តទាំងអស់ នៅក្នុងប្រទេសឡាវ នៅឆ្នាំ ២០២៥ និងលើសពី ៣០% នៅឆ្នាំ ២០៣០ ។

គួរឱ្យដឹងថា បច្ចុប្បន្ន មានស្ថានីយ៍សាកបំពេញអាគុយរថយន្តអគ្គសនី ចំនួន ២០ រួចមកហើយ នៅក្នុងប្រទេសឡាវ ហើយក្រុមហ៊ុនចែកចាយរថយន្ត ដែលប្រើចំហេះសាំងចំនួន ១៨ ក៏បានចាប់ផ្តើមងាកមកនាំចូលរថយន្តអគ្គិសនី សម្រាប់លក់ នៅក្នុងទីផ្សារប្រទេសនេះផងដែរ ។

ជម្រាបជូនផងដែរថា​ ឡាវមានយានយន្តអគ្គិសនីសរុបចំនួន ៣ ២០១ គ្រឿង ដោយក្នុងនោះមានរថយន្តចំនួន ១ ៤២៨ គ្រឿង និងម៉ូតូចំនួន ១ ៧៧៣ គ្រឿង ដែលត្រូវបាននាំចូល តាមរយ:ការផ្តល់ជំនួយពីអន្តរជាតិ និងវិស័យឯកជន ៕