ការលក់រាយរបស់សិង្ហបុរី ធ្លាក់ចុះជាលើកដំបូងក្នុងរយ:ពេលជិតមួយឆ្នាំ គិតត្រឹមខែមករា

អន្តរជាតិ

ថ្មីៗនេះ យោងតាមនាយកដ្ឋានស្ថិតិរបស់ប្រទេសសិង្ហបុរី បានបង្ហាញឱ្យដឹងថា ការលក់រាយនៅក្នុងប្រទេសខ្លួន បានធ្លាក់ចុះជាលើកដំបូង ក្នុងរយ:ពេលជិតមួយឆ្នាំ គិតត្រឹមខែមករាកន្លងទៅ ចំពេលមានការធ្លាក់ចុះនៃការលក់រថយន្ត និងអ្នកប្រើប្រាស់ក្នុងស្រុក បានកាត់បន្ថយការទិញគ្រឿងសង្ហរឹម និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះតិចជាងមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានរាយការណ៍ឱ្យដឹងទៀតថា ការលក់រាយនៅក្នុងប្រទេសិង្ហបុរី បានធ្លាក់ចុះ ០,៨% នៅក្នុងខែមករា ពោលគឺផ្ទុះស្រឡះពីការកើនឡើង ៧,៧% ដែលបានកត់ត្រា នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ។

យ៉ាងណាមិញ ការលក់រាយ ដែលបានធ្លាក់ចុះចុងក្រោយបំផុត គឺស្ថិតនៅក្នុងខែកុម្ភ: ឆ្នាំ ២០២២ នៅពេលដែលវាបានធ្លាក់ចុះដល់ ៣,៥% ដោយសារតែអ្នកប្រើប្រាស់ក្នុងស្រុក បាននាំគ្នាសម្រុកទិញទំនិញទុកមួយខែមុន អំឡុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ ។

សរុបមក តម្លៃការលក់រាយសរុប ដែលបានប៉ាន់ប្រមាណ នៅក្នុងខែមករា ឆ្នាំ ២០២៣ គឺមានចំនួនប្រមាណ ៤,២ពាន់លានដុល្លារសិង្ហបុរី (៣,១២ពាន់លានដុល្លារ) ស្របពេលការលក់នៅលើប្រព័ន្ធអនឡាញ មានប្រហែល ១១,៥% ពោលគឺទាបជាង ១៣% ដែលបានកត់ត្រាទុក កាលពីខែធ្នូ ឆ្នាំ ២០២២ ។

ទន្ទឹមនឹងនេះ ថ្វីបើការចាប់ផ្តើមខែដំបូងនៃឆ្នាំថ្មី មានភាពអវិជ្ជមានក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ច នៅតែបន្តរំពឹងទុកខ្ពស់ថា កំណើននៃការលក់រាយ នឹងនៅតែមានភាពវិជ្ជមានសម្រាប់ឆ្នាំ ២០២៣ នេះទាំងមូល ចំពេលរដ្ឋាភិបាល បានបង្ហាញអំពីវិធានការគាំទ្រ ដោយនឹងជួយដោះស្រាយមួយផ្នែក ដល់ការធ្លាក់ចុះនៃតម្រូវការ ដែលបណ្តាលមកពីការកើនឡើងអតិផរណា និងពន្ធទៅលើតម្លៃបន្ថែម។

លើសពីនេះ នាយកដ្ឋានស្ថិតិរបស់ប្រទេសសិង្ហបុរី ក៏បានសង្កត់ធ្ងន់ទៀតថា វិស័យទេសចរណ៍ ក៏អាចនឹងជួយជំរុញដល់ការលក់រាយរបស់ខ្លួនបានវិញផងដែរ ខណ:ពេលដែលប្រទេសចិន បានបើកដំណើរការប្រទេសរបស់ពួកគេវិញជាបណ្តើរៗ ៕