ឧកញ៉ារូបណាជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី

ជុំវិញ​ឧកញ៉ា

មន្ទីពាណិជ្ជកម្មខេត្តកំពង់ចាម រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតមានបេក្ខជនឈរឈ្មោះ១១រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប៤២១នាក់ បេក្ខជនជ័យលាភីមាន១០រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប។ ក្នុងនោះ ឧកញ៉ា ហួត ឈឿន ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១។

លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សមាសភាពប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី នាអាណត្តិនេះ គឺ ឧកញ៉ា ហួត ឈឿន ដែលទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន១១សម្លេងលើ១៥សម្លេងនៃចំនួនសមាជិកជ្រើសតាំងសរុបទាំង១៥ រូប។ បន្ថែមពីនោះគណៈកម្មការរៀបចំការបោះឆ្នោត បានធ្វើការរៀបចំបោះឆ្នោតជ្រើសរើសអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីក្នុងចំណោមបេក្ខជនស័គ្រចិត្តឈរឈ្មោះសរុបចំនួន១១រូបនៃសមាជិកទាំងអស់ ជាលទ្ធផលមានបេក្ខជនចំនួន០៨រូបបានជាប់ជាអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១។

ជាមួយគ្នានេះ លោកបានណែនាំដល់សមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរ ដែនដី និងមន្ទីរពាណិជ្ជកម្មខេត្តដែលជាអាណាព្យាបាល ជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ។

សូមជម្រាបជូនថា ឧកញ៉ា ហួត ឈឿន ធ្លាប់កាន់ដំណែងប្រធានការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរីអាណត្តិ ទី២លើកទី២ មុនឈានមកធ្វើជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី។

ក្នុងឪកាសជាប់ជាប្រធានថ្មីបន្ត ឧកញ៉ា ហួត ឈឿន បានប្រកាសប្តេជ្ញាចិត្តក្នុងអាណត្តិថ្មីនេះ លោកនឹងខិតខំកៀរគរ រកអ្នកវិនិយោគឱ្យមកខេត្តកំពង់ចាមឲ្យបានផុសផុសបន្ថែមទៀត និងរួមសហការការងារជាមួយសមាជិកសមាជិកាក្នុងអង្គភាពឱ្យបានល្អប្រសើរ៕