ឧកញ៉ាវ័យក្មេងម្នាក់ គ្រោងបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិតក្នុងមាគ៌ាអចលនទ្រព្យ» ឆាប់ៗនេះ

ជុំវិញ​ឧកញ៉ា

សៀវភៅ «គ្រឹះជីវិតនៃឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលមានកម្រាស់ជាង២០០ទំព័រនឹងបោះពុម្ពផ្សាយជាផ្លូវការឆាប់ៗខាងមុខ។ ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាអ្នកជំនួញមួយរូបឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY កំពុងឈរជើងយ៉ាងរឹងមាំលើវិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យឧស្សាហកម្ម ក្រុមហ៊ុននាំចូលជីកសិម្ម រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់។លោកឧកញ៉ាតែងជួយការងារសង្គម និងមនុស្សធម៌ជាហូរហែ។ ដូច្នេះជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង និងធនធានផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះលោកឧកញ៉ាត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុតរបស់កម្ពុជា។

ផ្តើមពីកូនកសិករក្រីក្រស្ថិតភូមិខ្សាច់កណ្ដាល ឃុំក្រូចឆ្មារ ស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ខេត្តកំពង់ចាម) និងមានបងប្អូនចំនួន ៤នាក់(ជាកូនប្រុសទី៣ ក្នុងគ្រួសារ)។លោកបានជម្នះការលំបាកទាំងឡាយ មកជាការខិតខំប្រឹងប្រែងរៀនសូត្រ ចេះសម្លឹង និងក្ដាប់យកឱកាស រហូតក្លាយជាអ្នកជំនួញ និងទទួលភាពជោគជ័យដូចសព្វថ្ងៃនេះ។

យ៉ាងណាមិញលោកឧកញ៉ាបានគូសបញ្ជាក់ថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបានសម្រិតសម្រាំងនេះ គឺផ្អែកទាំងស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេលដ៏មមាញឹកពីការធ្វើជំនួញសរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយឈ្វេងយល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេសលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា៕