ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយសមាជិក៦រូប នាំយកថវិកាជាង ១លានដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា ចំនួន៦រូប តំណាងឱ្យ​អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣២រូប ដែល​បានចូលរួមបរិច្ចាគថវិកា​ដោយសទ្ធាជ្រះថ្លា ចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាចំនួន ១,៣៤៣,០០០ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់​ទទួល​ថវិកា​នេះ ស្ថិត​ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក​កាកបាទ​ក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសា្នក់ការ​កណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំ​ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះសប្បុរសជនទាំង ៣២រូប ដែលមានគោរមងារជា អ្នកឧកញ៉ា ឧកញ៉ា នៃសមាគមឧកញ៉ាកម្ពុជា និង​បាន​ចូល​រួម​​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ជាមួយ​នឹង​រាជរដ្ឋាភិបាលកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០២២ ក្នុង​គោលបំណងលើកកម្ពស់​គុណតម្លៃ នៃគោរមងារ​ឧកញ៉ា និង​ធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បី​ជាមូលដ្ឋានក្នុងការរួមចំណែក​យ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោល​នយោបាយ​យុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្ស​ធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្ន​គឺ​មាន​អគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និង​មាន​សមាសភាព​ក្រុមប្រឹក្សាភិបាល​សរុប​ចំនួន ៣២​រូប។

សូម​ជម្រាប​ថា សមាគមឧកញ៉ាកម្ពុជា បានអញ្ជើញប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ ជាអធិបតីពិធីប្រកាសផ្លូវការរបស់សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ខាង​មុខនេះ៕