មកដឹងពី ៦ចំណុចសំខាន់ៗ នៃ MoU រវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ជុំវិញ​ឧកញ៉ា

សមាគម​ឧកញ៉ាកម្ពុជា និង​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នា (MoU)​ ស្តីពីភាពជាដៃគូ​ក្នុងការ​ជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពី​រសៀល​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម​ឧកញ៉ាកម្ពុជា។ សម្រាប់​ចំណុច​​គោល​សំខាន់ៗ​ចំនួន៦ ដែល​ជា​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ មាន​ដូច​ខាង​ក្រោម៖

១. សហការរៀបចំ​ព្រឹត្តិការណ៍​ជំរុញ​វិនិយោគ និង​ផ្សព្វផ្សាយ​សក្តានុពល កាលានុវត្តភាព និង​នវានុវត្តន៍​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ

២. ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​វិនិយោគ រាប់​បញ្ចូល​ប៉ុន្តែ​មិន​កម្រិត​ត្រឹម​វិធាន​នៃ​ការ​វិនិយោគ បទប្បញ្ញត្តិ គោល​នយោបាយ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​និងពហុភាគី និងនីតិវិធី​ដទៃ​ទៀត

៣. សហការរៀបចំ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន​សម្រាប់​បម្រើ​ដល់​ការ​ជំរុញ​និង​ផ្តល់​កិច្ច​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា

៤. រួមគ្នា​ក្នុងការប្រមូលព័ត៌មាន​និង​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ដែល​វិនិយោគិន​ជួប​ប្រទះ​ក្នុង​អំឡុងពេល​វិនិយោគ ឬ​ធ្វើ​ធុរកិច្ច​នៅកម្ពុជា និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​វិនិយោគ និង​ពាណិជ្ជកម្ម​តាម​រយៈ​យន្តការ​នានា ដែល​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល

៥. ជំរុញកិច្ចសហប្រតិបត្តិការ​រវាង​សហគ្រាស​កម្ពុជា​និងបរទេស តាមរយៈ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​ការ​ផ្គូផ្គង​ដៃគូ ដើម្បី​សម្រួល​ដល់ការ​វិនិយោគ និង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង វិនិយោគិន​ធុរជន និង​សហគ្រិន

៦. សហការ​ធ្វើ​សកម្មភាព​ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ដល់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋកម្ពុជា រួម​ទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ផង​ដែរ។

គួរបញ្ជាក់​ថា អនុស្សរណៈយោគយល់គ្នានេះ មានសុពលភាព​រយៈពេល ៣ឆ្នាំ ហើយ​​នឹង​បន្ត​សុពលភាព​ដោយ​ស្វ័យប្រវត្តិ​រយៈពេល ២​ឆ្នាំ​​ទៀត បើមិនមាន​ការ​ជូន​ដំណឹងជាលាយលក្ខណ៍អក្សរ​ពី​ការ​បញ្ចប់​ពី​ភាគី​ណាមួយ ​ក្នុង​រយៈពេល​យ៉ាង​តិច ៣ខែ មុន​កាល​បរិច្ឆេទ​កំណត់៕