តើគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» មានអត្ថន័យយ៉ាងដូចម្ដេចនៅក្នុងសង្គមខ្មែរ?

ជុំវិញ​ឧកញ៉ា

គោរមងារ «ឧកញ៉ា » គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យស្ដីពីគោរមងារ ឧកញ៉ា ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសៀវភៅដែលរៀបរៀងដោយ សាស្ត្រាចារ្យ ត្រឹង ងា គោរមងារ ឧកញ៉ា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីសម័យ អាណានិគមនិយមបារាំង ដោយប្រើសម្រាប់បណ្ដារស័ក្ដិថ្នាក់ខ្ពស់ក្នុងជួររាជការ។

ចង់ដឹងថា តើគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» មានអត្ថន័យយ៉ាងដូចម្ដេចនៅក្នុងសង្គមខ្មែរ?

ពាក្យថា «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» ជាគោរម្យងារ នៃមន្រ្ដី ដែលមានបណ្តារស័ក្តិថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាម៉ឺនមន្ត្រីធ្វើការថ្វាយ ហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលងារ «ឧកញ៉ា អ្នកឧកញ៉ា នឹងលោកអ្នកឧកញ៉ា» នេះមាន ២ប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។

ប្រភេទទី១ គោរមងារ «ឧកញ៉ា» ជាងារ នៃបណ្តារស័ក្តិមន្ត្រីថ្នាក់ខ្ពស់ ក្នុងជួររាជការ និងភាគច្រើនជានាម៉ឺនមន្ត្រី ដែលនៅបម្រើការប្រចាំព្រះរាជវាំង ធ្វើកិច្ចការថ្វាយព្រះមហាក្សត្រស្ដេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រះ ដឹកនាំកម្មវិធីផ្សេងៗក្នុងព្រះរាជវាំង មានស្នាដៃល្អ ជោគជ័យក្នុងកិច្ចការងារជូន រាជការ ហើយទទួលបានការគោរព ស្រឡាញ់ពីនាម៉ឺនមន្រ្ដីខ្ញុំរាជការនៅជុំវិញខ្លួន ព្រះមហាក្សត្រក៏ទ្រង់សព្វព្រះទ័យ ប្រទានងារឋានៈស័ក្ដិខ្ពស់ ជា «ឧកញ៉ា» ដើម្បីជាកិត្តិយសបន្ថែម ដែលងារ «ឧកញ៉ា» ទាំងនោះ មានដូចជា ឧកញ៉ាវាំង ឬឧកញ៉ាចៅហ្វាវាំង, ឧកញ៉ាយមរាជ, ឧកញ៉ា ក្រឡាហោម, ឧកញ៉ាចក្រី, ឧកញ៉ាវិបុលសេនា, ឧកញ៉ាព្រះស្តេចភក្តី ជាដើម។

ប្រភេទទី២ គោរមងារ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា» ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្តុកស្តម្ភ ច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំណែកយ៉ាងច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រឡាញ់ពីបណ្តារជន ប្រជារាស្រ្តទូទៅ ទើបទទួលបានងារកិត្តិយស ជា «ឧកញ៉ា» នេះ។ ឧទាហរណ៍ដូចជា លោកឧកញ៉ាភោគាធិបតី, ឧកញ៉ាសេដ្ឋាធិបតី, ឧកញ៉ាផល្លាសម្បត្តិ, ឧកញ៉ា ធម្មាមង្គលមុនី ជាដើម។

បើយោងតាមវចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួន ណាតភាគ ១ បោះពុម្ពលើកទី ៥ នៅទំព័រទី ១៧៧៨ បានពន្យល់ពាក្យ «ឧកញ៉ា»ថា «ឧកញ៉ា» មានន័យថា អុក– (ន.) ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ ខ្ពស់ជាងទី ព្រះ សំដៅសេចក្តីថា «អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬ នាទីរបស់ខ្លួន» (មកពី ពាក្យខ្មែរ ឧក ឬ អុក «ត្រួតត្រាពេញអំណាច» + បា. ញា «ដឹង, ចេះ, ស្គាល់»), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកឧកញ៉ា… អ្នកឧកញ៉ា…, ឧកញ៉ា… (មាននិយាយក្នុងច្បាប់ ទម្រង់ស័ក្តិ)»។

តាមអត្ថន័យនេះបានបង្ហាញឱ្យដឹងថា គោរមងារ «ឧកញ៉ា» គឺមានសក្ដិតូចជាង «អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា»។ រីឯគោរមងារ «អ្នកឧកញ៉ា» គឺមានស័ក្តិធំជាង «ឧកញ៉ា» តែតូចជាង «លោកអ្នកឧកញ៉ា»។ ចំពោះគោរមងារ «លោកអ្នកឧកញ៉ា និងអ្នកឧកញ៉ា» វិញគឺ មានស័ក្តិធំជាងគេ ក្នុងចំណោមគោរមងារ «ឧកញ៉ា» នេះ តែយ៉ាងណា ទាំងនេះគ្រាន់តែជាគោរមងារសម្រាប់ហៅប៉ុណ្ណោះ ដែលសំខាន់គឺ បុគ្គលទទួលបានគោរមងារទាំងនេះ សុទ្ធតែបានមានចំណែកចូលរួម បរិច្ចាគជាថវិកាជួយដល់រដ្ឋ។

គោរមងារ «ឧកញ៉ា» នេះ ត្រូវបានដាក់ប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ និងបន្តដាក់ឱ្យប្រើប្រាស់ដល់បច្ចុប្បន្ននេះ គ្រាន់តែផ្លាស់ប្ដូរនៅគោលការណ៍មួយចំនួនតែប៉ុណ្ណោះ ។ «ឧកញ៉ា» ត្រូវបានប្រើប្រាស់ ជាគោរមងារសម្រាប់មន្ត្រីរាជការជាន់ខ្ពស់ តែក្រោយមកជំនួសវិញនូវ គោរមងារ សម្ដេច និង ឯកឧត្តម លោកជំទាវ វិញ ទើបគោរមងារនេះ ត្រូវបានធ្វើការផ្លាស់ប្តូរ ដោយបង្វែរមកផ្ដល់ឱ្យសប្បុរសជនដែលបានបរិច្ចាគថវិកាក្នុងកិច្ចកសាងអភិវឌ្ឍប្រទេសជាតិវិញ។

គោរមងារ «ឧកញ៉ា» ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមសេចក្តីក្រាបបង្គំទូលថ្វាយជាផ្លូវការរបស់នាយករដ្ឋមន្ត្រីបន្ទាប់ពីមាននូវលិខិត ការវាយតម្លៃពីគណៈកម្មការផ្តល់គោរមងារ និងគ្រឿងឥស្សរិយយសនៃទីស្តីការគណៈរដ្ឋមន្ត្រី។

បើយោងទៅតាមអនុក្រឹត្យឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាដោយសហនាយករដ្ឋមន្ត្រី ចែងអំពីគោរមងារ«ឧកញ៉ា» ថា សប្បុរសជន ដែលបាន ធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈមានតម្លៃលើសពី ១០ម៉ឺនដុល្លារ អាមេរិក (១០០,០០០$) ឡើងទៅ ត្រូវបានស្នើសុំព្រះរាជក្រឹត្យតែងតាំង ជា «ឧកញ៉ា» និងគ្រឿងឥស្សរិយយសជាតិខាងស្ថាបនាជាតិ ថ្នាក់លេខ១ (ជាតូបការ)។

ប៉ុន្តែក្រោយមកគឺមានអនុក្រឹត្យឆ្នាំ២០១៧ បានកែសម្រួលអនុក្រឹត្យ ឆ្នាំ១៩៩៤ ដោយប្តូរពី ១០ម៉ឺនដុល្លារអាមេរិក (១០០,០០០$) មកជា ៥០ម៉ឺនដុល្លារអាម៉េរិក (៥០០,០០០$) វិញ ទើបរាជរដ្ឋាភិបាលអាចធ្វើការស្នើសុំព្រះរាជក្រឹត្យតែងតាំងជា «ឧកញ៉ា» រីឯការធ្វើជាអំណោយជូនរដ្ឋលើសពី ១០ម៉ឺនដុល្លារអាមេរិកវិញ ត្រូវទទួលបានត្រឹមគ្រឿង ឥស្សរិយយសជាតូបការតែប៉ុណ្ណោះ។

ជាមួយគ្នានេះ បើយោងតាមសម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលនៅកាន់អំណាច សម្ដេចតេជោក៏បានបញ្ជាក់ច្បាស់ពីគោរងារនេះថា «កងកម្លាំងប្រដាប់អាវុធទាំងអស់រួមមាន៖ ទាហាន នគរបាល កងរាជអាវុធហត្ថទាំងអស់ ត្រូវលាលែងពីគោរមងារ «ឧកញ៉ា» តែប្រសិនបើជ្រើសរើសយក គោរមងារ «ឧកញ៉ា» ត្រូវតែលាលែងពីក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ ដូច្នេះកងកម្លាំងប្រដាប់អាវុធមិនត្រូវមានគោរមងារ «ឧកញ៉ា» ឡើយ។

ជាមួយនឹងគោរមងារ «ឧកញ៉ា» នេះ  ព្រះមហាក្សត្រមានព្រះរាជបុព្វសិទ្ធិផ្តល់គោរមងារ «ឧកញ៉ា» ដែល មានងារវែង និងមានអត្ថន័យបន្ថែមដល់ជនដែលព្រះអង្គឈ្វេងយល់ថាសាកសមនឹងទទួលដូចជា កាលពីពេលកន្លងទៅមានការផ្តល់ គោរមងារដូចជា អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាលិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាដើម។

សូមជម្រាបជូនផងដែរថា តាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជា  គិតមកដល់ឆ្នាំ២០២៣ នេះ  បុគ្គលមានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ា សរុបមានចំនួនជាង ១៣០០នាក់ហើយ ៕

អត្ថបទ៖ សុកធា