អ្នកឧកញ៉ា ពុង ឃាវសែ៖ ក្រុមហ៊ុន OCIC ចំណាយថវិកាជាង៣០០លានដុល្លារ ក្នុងការអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះនរា

ជុំវិញ​ឧកញ៉ា

គិតមកដល់ពេលនេះ ក្រុមហ៊ុន OCIC បានចំណាយថវិកាអស់ប្រមាណជាង៣០០លានដុល្លារហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះនរា។នេះបើការឱ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ការចំណាយរបស់ក្រុមហ៊ុនOCIC សម្រាប់គម្រោងកោះនរា ចាប់ពីដំបូង រហូតមកដល់ពេលនេះ ក្រុមហ៊ុន បានចំណាយជាង ៣០០លានដុល្លារ រួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ ខាងមុខ (ដោយមិនរាប់បញ្ចូលការសាងសង់អគារនោះទេ)។

អ្នកឧកញ៉ា បន្តថា ក្នុងអំឡុងពេលដ៏មមាញឹកខ្លាំងនេះ ទីក្រុងរណបកោះនរា បានបង្កើនកន្លែងការងារដល់ប្រជាពលរដ្ឋយ៉ាងច្រើនដូចជា បុគ្គលិក វិស្វករ សន្តិសុខ ជាង ៥០០នាក់ កំពុងបំពេញការងារ ដែលមានការចំណាយ លើប្រាក់បៀរវត្ស ជាង ៣០ម៉ឺនដុល្លារ ក្នុងមួយខែ និងមានតម្រូវការ កំលាំងកម្មករ និងជាងប្រមាណ ១២០០នាក់ កំពុងបំពេញការងារសព្វថ្ងៃ និងការចំណាយលើប្រាក់បៀរវត្ស ប្រហែល ៥០ម៉ឺនដុល្លារក្នុងមួយខែផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន OCIC GROUP ជាក្រុមហ៊ុនពហុវិស័យមួយនៅកម្ពុជា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអាជីវកម្មលើវិស័យជាច្រើនដូចជា ការអភិវឌ្ឍន៍អចលនទ្រព្យ អចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព បដិសណ្ឋារកិច្ច អាកាសយានដ្ឋាន សំណង់ និងវិស្វកម្ម ការលក់រាយ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។ គម្រោងធំៗរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី គ្រុប នាពេលបច្ចុប្បន្នរួមមាន ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងអូឡាំព្យា បុរីសាន់វេ បុរីចំការមន បុរីបាសាក់ហ្គាឌិន និងខុនដូ Diamond Bay Garden ជាដើម៕