ឧកញ៉ា ហ៊ុន ស៊ីណាត ធ្វើពិធីក្រុងពលីជួលជុលប្រាង្គចេតិយ៍អ្នកឧកញ៉ាមហាភក្តីសប្បុ​រិសភោគាធិបតី ហ៊ុន នាង

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត, លោកជំទាវ ហ៊ុន សេងនី និងលោកជំទាវ ហ៊ុន​ ប៊ុនធឿន បានអញ្ជើញចូលរួមធ្វើពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីធ្វើការជួសជុលប្រាង្គចេតិយ៍ជូនលោកមានគុណទាំងពីរ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីក្រុងពាលីជួសជុលប្រាង្គចេតិយ៍ដែលមានអាយុកាល២៨ ឆ្នាំនេះធ្វើឡើងនៅថ្ងៃសុក្រ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅវត្តព្រះបារមីវង្កតបុរី (វត្ត ទួលក្រសាំង)ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា កាលពីខែតុលាកន្លងទៅ អ្នកឧកញ៉ា ហ៊ុន តូ កូនប្រុសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកិច្ចការងាររបស់វត្តព្រះបារមីវង្កតបុរី ក្នុងនោះក៏បានពិភាក្សាការងារជួសជួលប្រាង្គចេតិយ៍តម្កល់សពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ជាមួយបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

វត្តបារមីវង្កតបុរី ​គឺជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្ត​សប្បុរិស​ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ។ វត្តនេះបានធ្វើពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា កាលពីខែមេសា ឆ្នាំ២០២៣។

គួររម្លឹកផងដែរថា​ មហាឧបាសក ហ៊ុន នាង ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​គោរមងារ​ជា អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១កន្លងទៅ៕