តើទូកចំនួន២ របស់អ្នកឧកញ៉ា ទ្រី ភាព ទទួលបានចំណាត់ថ្នាក់លេខប៉ុន្មាន?

ជុំវិញ​ឧកញ៉ា

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ​​បាន​​បិទ​បញ្ចប់​​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ​​ហើយ​លទ្ធផល​ប្រណាំងទូក​គូពិសេស​រយៈពេល ៣​ថ្ងៃ​ពេញ ​បាន​ចេញ​រួច​រាល់ ដែល​ក្នុង​នោះ​​​​ទូក​ចំនួន​ពីរ​ដែល​ឧបត្ថម្ភ​ដោយ​អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សេចក្តីប្រកាស​លទ្ធផល​​ការ​ប្រណាំងទូក «គូពិសេស» ​​របស់​គណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​ឱ្យ​ដឹង​ថា ទូកចំណាត់ថ្នាក់ លេខ១ បានទៅលើទូក “មហា​ទន្សាយតេជោសែនជ័យ” របស់ខេត្តកំពង់ចាម ដែល​ឧបត្ថម្ភ​ដោយ​លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា។ ចំណែក​ឯ​ទូក​ឈ្មោះ “តេជោកែវវិជ័យបារមីចៅសែន” ​ខេត្ត​ពោធិ៍សាត់ ឧបត្ថម្ភ​ដោយ​លោក​ កែវ រតនៈ និង​អ្នកឧកញ៉ា ទ្រី ភាព ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៩ និង​ទូក​ឈ្មោះ “ទ្រីភាព​សែនជ័យ​បារមីតេជោ” ខេត្តកណ្តាល ដែល​ឧបត្ថម្ភ​ដោយ​អ្នកឧកញ៉ា ទ្រី ភាព និង​អ្នកឧកញ៉ា គៀន ស្រីនាង ទទួល​បាន​ចំណាត់ថ្នាក់លេខ៣២ ក្នុង​ចំណោម​ទូកង​ចំនួន ៣៣៨ទូកចូលរួមប្រកួត។

សូម​ជម្រាប​ថា អ្នកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភទាំងស្រុងដល់ទូកងឈ្មោះ «ទ្រីភាពសែនជ័យបារមីតេជោ» ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ អ្នកឧកញ៉ា​ក៏​បាន​ចាត់​អ្នកតំណាង​ទៅ​ជួប​សំណេះសំណាលជាមួយកីឡាករទូក-ង និងគណៈកម្មការទូក ក្រុមការងារ នាំយកថវិកា ៦លាន​រៀល សម្រាប់​ផ្គត់ផ្គង់លើការចំណាយផ្សេងៗ អំឡុងពេលប្រកួត និង​សម្រួលដល់ការស្នាក់អាស្រ័យក្នុងពេលប្រកួត រួមមាន អង្ករ ១តោន, សាច់ជ្រូកផាត់ ១០ គីឡូក្រាម, មីកំប៉ុង ៤ កេស, ភេសជ្ជៈបាកាស់ ១០កេស, ប៉ូការិស្វីត ១០ កេស, ទឹកក្រូច ២០ កេស ព្រមទាំង ​ទឹកបរិសុទ្ធ១០០ យួរ ទៀតផង សម្រាប់ផ្គត់ផ្គង់ និងសម្រួលដល់ ការ​ប្រណាំងទូក ចំនួន បីថ្ងៃពេញ​ ក្នុងពិធីបុណ្យអុំទូកប្រពៃណីជាតិ៕