ណែនាំឱ្យស្គាល់អ្នកឧកញ៉ា ២រូប ជាម្ចាស់គម្រោងលំនៅឋានតម្លៃសមរម្យ នៅកម្ពុជាបច្ចុប្បន្ន

ជុំវិញ​ឧកញ៉ា

ចាប់តាំងពីឆ្នាំ២០១៤ មក​ដល់​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេសកម្ពុជា មាន​គម្រោង​​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៤​គម្រោង ក្នុង​នោះ​មាន​​​អ្នកឧកញ៉ា ២រូប ជា​ម្ចាស់​គម្រោង​​ចំនួន​​២។ នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​លោក ប្រាក់​ អង្គារ៉ា ​អគ្គនាយក​លំនៅឋាន នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​វេទិការដ្ឋ-ឯកជន លើកទី៤​ ស្តីពី​ការ​អភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន ​​​នៅ​ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក ប្រាក់​ អង្គារ៉ា ​​បាន​​បង្ហាញ​អំពី​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា មានដូចជា៖

១. លំនៅឋាន​ទីក្រុងរណប​សិរីមង្គល ៖ អភិវឌ្ឍដោយ​ក្រុមហ៊ុនវើលដ៏ប៊្រីដ ហូម (World Bridge Home) របស់​អ្នកឧកញ៉ា សៀ ឬទ្ធី។ ក្រុមហ៊ុន​បុត្រសម្ព័ន្ធថ្មី​មួយទៀត ​របស់ វើលប៊្រីដ គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ មួយ​នេះ ​​បាន​សាងសង់​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​សុទ្ធសាធ​ លើ​ផ្ទៃដី ២៤ហិកតា ចំនួន​លំនៅឋាន ២៤៥៧​ខ្នង ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មក​ដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​បញ្ចប់​ការសាងសង់ ១០០%។

២. បុរីសែនមនោរម្យ ព្រែកតាទែន ៖ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន B & BM Development Co.,Ltd ​របស់​ អ្នកឧកញ៉ា ផាត់ ប៊ុន។ គម្រោង​នេះ​ សាងសង់​លើ​ផ្ទៃដី ៤០,៥៦​ហិកតា មាន​ប្រភេទ​លំនៅឋាន​ច្រើន​ ប៉ុន្តែ​ក្នុង​នោះ​មាន​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៧០០​ខ្នង ហើយ​​ចែក​ការសាង់សង់​ជា​២​ដំណាក់​កាល។ បច្ចុប្បន្ន​គម្រោង​មួយ​នេះ បាន​សាងសង់​ដំណាក់កាលទី១ បាន​ ៩៧%។ បុរីសែនមនោរម្យ ព្រែកតាទែន ​ស្ថិតនៅភូមិ​ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

ក្រៅពី​គម្រោង​របស់​អ្នកឧកញ៉ា​ទាំង​២​រូប​ខាង​លើ លោក ប្រាក់​ អង្គារ៉ា ​​​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា គម្រោង​ទី៣ គឺ​បុរីហ្គេ្រនផាក របស់​លោក តាំង សេងប៉ ​​​​ស្ថិត​នៅ​ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ។ បុរីហ្គេ្រនផាក ​សាងសង់​លើ​ផ្ទៃដី ៥,១៦​ហិកតា មាន​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ២០០​ខ្នង សាងសង់​ដំណាក់កាលទី១ រួចរាល់ ១០០% និង​ដំណាក់កាលទី២ សម្រេច​ការ​សាងសង់​បាន ២៧%។

ចំណែក​ឯ​គម្រោង​ទី៤ ​គឺ​លំនៅឋាន​អារ៉ាខាវ៉ា របស់​ក្រុមហ៊ុន​ជប៉ុន ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះជាប្រភេទ​ខុនដូ ​លើ​ផ្ទៃ​ដី ១,៣៦ហិកតា ដែលមានចំណែកឯនជនសរុប ៣១៦៤​ យូនីត និង​ប្រភេទ​​ខុនដូ​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ១៩២៨​យូនីត។ បច្ចុប្បន្ន​ គម្រោង​លំនៅឋាន​អារ៉ាខាវ៉ា បាន​សាងសង់​រួចរាល់ ១០០%។

លោក ប្រាក់​ អង្គារ៉ា ​អគ្គនាយក​លំនៅឋាន បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ទី៥ ​​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត​ អិចផត​​ របស់​អ្នក​ឧកញ៉ា ឃុន សៀ នៅក្រុងអរិយក្សត្រ ខេត្ត​កណ្តាល​ ដែលគ្រោងទុនវិនិយោគប្រហែល​ ៤​ពាន់លានដុល្លារ​អាមេរិក។

សូម​ជម្រាប​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយជាតិ​ស្តីពី​លំនៅឋាន ចាប់ពីឆ្នាំ២០១៤​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិង​កំពុងសហការជាមួយវិស័យឯកជន បន្ត​ជំរុញការ​អនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋ​ ដែលមាន​ចំណូលមធ្យម ចំណូល​ទាប និងងាយរងគ្រោះ មានលទ្ធភាពទិញលំនៅឋាន​សម្រាប់ការរស់នៅ​ប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕