អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុនយក្សធំៗច្រើនរូបទៅទស្សនកិច្ចគោះទ្វារវិនិយោគនៅស្រុកចិន

ជុំវិញ​ឧកញ៉ា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងកំពុងកាន់តួនាទីជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈរាជរដ្ឋាភិបាល និងអ្នកឧកញ៉ា ឧកញ៉ាម្ចាស់ក្រុមហ៊ុនយក្សធំៗ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរបំពេញបេសកកម្មជំរុញពាណិជ្ជកម្ម និងវិនិយោគរបស់លោក ស៊ុន ចាន់ថុល នៅពេលនេះមានការអញ្ជើញអមដំណើរដោយអ្នកឧកញ៉ា ឧកញ៉ាគ្រាក់ៗជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនល្បីៗ រួមមាន៖ អ្នកឧកញា លាង ឃុន សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា វិញ ហួរ ម្ចាស់តំបន់សេដ្ឋកិច្ច​ពិសេស​កំពត, អ្នកឧកញ៉ា ឡាវ កាង ​ប្រធាន​ក្រុមហ៊ុន Lav Kang Import & Export Co., LTD, អ្នកឧកញ៉ា ទី ពិសិដ្ឋ អគ្គនាយក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ឈុន ហុង គ្រុប និងឧកញ៉ា ទ្រី ដាលុច អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។

ក្នុងដំណើរទស្សនកិច្ចគោះទ្វារវិនិយោគថ្ងៃដំបូង លោក ស៊ុន ចាន់ថុល និងគណៈប្រតិភូ បានទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឈមណ្ឌលកៅស៊ូជាតិ ព្រមទាំងបានជួបពិភាក្សាជាមួយសម្ព័ន្ធ Sailun Group នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបជាមួយគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Sailun Group បានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្មក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ និងពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះដែរលោកក៏បានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។

លោកបន្ថែមថា រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជនជាដៃគូរដ៏សំខាន់ ដោយក្នុងនោះមានរៀបចំបង្កើតក្រុមការងារចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា ហើយក្នុងនោះមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀងជាមួយនិងទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ ១២០ហិចតា និងមានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ ២ពាន់កន្លែង។ ចំពោះមជ្ឈមណ្ឌលកៅស៊ូជាតិ គឺជាមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងធំបំផុតនៅក្នុងប្រទេសចិន៕