អ្នកឧកញ៉ា គិត ម៉េង ឈរលើវេទិកាធុរកិច្ចបារាំង-កម្ពុជា បង្ហាញសក្ដានុពលកម្ពុជាទៅកាន់វិនិយោគិនបារាំង

ជុំវិញ​ឧកញ៉ា

ពីទីក្រុងប៉ារីស ប្រទេសបារាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន បានឈរលើវេទិកាធុរកិច្ច បារាំង-កម្ពុជា បង្ហាញពីសក្ដានុពលកម្ពុជាទៅកាន់វិនិយោគិនបារាំង ដែល មានក្រុមហ៊ុនចូលរួម១១០ ក្នុងនោះមកពីប្រទេសបារាំងចំនួន៨០ និងក្រុមហ៊ុនមកពីប្រទេសកម្ពុជាចំនួន៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើវេទិការនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងសុន្ទរកថាស្វាគមន៍ និងជម្រាបវិនិយោគិនបារាំងអំពីសក្តានុពល និង កាលានុវត្តភាពដ៏ទូលំទំលាយរបស់កម្ពុជា និងបានបញ្ជាក់ថា កម្ពុជាដែលល្បីល្បាញខ្លាំងខាងប្រាសាទបុរាណ និង ប្រវត្តិសាស្ត្រ ដ៏ផូរផង់ឥឡូវនេះ កំពុងរីកចម្រើនខ្លាំងក្លា។

សេដ្ឋកិច្ចកម្ពុជា កំពុងលូតលាស់ទៅមុខ ដោយសារកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមពល ទីតាំងភូមិសាស្ត្រ យុទ្ធសាស្ត្រនៅអាស៊ាន និងការប្តេជ្ញាក្នុងការបង្កើតបរិយាកាសល្អប្រសើរ សម្រាប់ធុរកិច្ច។ កម្ពុជាមិនត្រឹមតែ ជាទឹកដីនៃ ប្រាសាទអង្គរវត្តប៉ុណ្ណោះទេ កម្ពុជាគឺជាទឹកដីនៃកាលានុវត្តភាពផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បន្តថា៖ “បារាំង គឺជាដៃគូរពាណិជ្ជកម្មនិងវិនិយោគដ៏ធំមួយរបស់កម្ពុជា។ ការវិនិយោគ ដោយផ្ទាល់ របស់ក្រុមហ៊ុនធំៗបារាំងរួមមានTotalenergies, Vinci, និង Accor បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជា បង្កើតការងារធ្វើ និងផ្ទេរបច្ចេកវិទ្យា”។

សូមជម្រាបជូនថា វេទិកាធុរកិច្ច បារាំង-កម្ពុជា សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធនិយោជកបារាំង (MEDEF) សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច ៕

អត្ថបទ៖ សុកធា