ឧកញ៉ា កែវ មុំ អញ្ជើញអ្នកឧកញ៉ា គួច ម៉េងលី និងវាគ្មិន២រូបទៀត ចែករំលែកពីភាពខ្លាំងនៃសាមគ្គីភាពរបស់ស្រ្ដី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញវាគ្មិនកត្ដិយស៣រូប ក្នុងនោះមានអ្នកឧកញ៉ា គួច ម៉េងលី ព្រមទាំងស្ដ្រីខ្លាំងចំនួន២រូបទៀតឡើងចែករំលែកពីភាពខ្លាំងរបស់ស្ដ្រីតាមរយៈការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាសហគ្រិនស្ដ្រី រៀបចំធ្វើឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមការឧបត្ថម្ភផ្ដាច់មុខដោយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ។ កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ារ៉ារី ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមសហគ្រិនស្ដ្រីកម្ពុជា ជាច្រើនរូប។

ឧកញ៉ា កែវ មុំ

នៅលើវេទិកា ឧកញ៉ា កែវ មុំ បានលើកឡើងថា វេទិកាសហគ្រិនស្រី្ដកម្ពុជា ក្រោមប្រធានបទ ភាពខ្លាំងនៃសាមគ្គីភាពរបស់ស្ដ្រី នឹងជួយដល់ស្រ្តីទាំងអស់ ឱ្យមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯង នឹងរួមគ្នាធ្វើការងារជាក្រុម ដើម្បីទទួលបានជោគជ័យ។ ម្យ៉ាងទៀតក៏នឹងជួយដោះស្រាយបញ្ហាដែលសហគ្រិនស្ដ្រីជួបប្រទះផងដែរ។

លោកស្រី ហង់ជួន ណារីតា នាយិកា នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្មនៃធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក យល់ឃើញថា ការរួបរួមនិងការសាមគ្គីភាពរបស់សហគ្រិនស្ដ្រីបានផ្ដល់នូវសារសំខាន់ជាច្រើនក្នុងការរួមចំណែកលុបបំបាត់ពាក្យដែលគេតែងនិយាយថាស្រីៗមិនចេះធ្វើការជាមួយគ្នា និងស្រីៗបង្វិលចង្រ្កានមិនជុំ មិនអាចធ្វើការធំបានជាដើម។ ការសាមគ្គីរបស់សហគ្រិនស្ដ្រីក៏ជាគម្រូដ៏ល្អមួយដល់ក្មេងៗជំនាន់ក្រោយឱ្យចេះរួបរួមគ្នា។

លោកស្រី ថុង ណាតស្យា

ជាមួយគ្នានោះ លោកស្រី ថុង ណាតស្យា ប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា សាខាខេត្ដកោះកុង មានប្រសាសន៍ថា បច្ចុប្បន្នមានកត្តាជាច្រើនដែលជាឧបសគ្គមិនឱ្យសហគ្រិនស្ដ្រី មិនឱ្យមានសាមគ្គីភាពជាមួយគ្នានិងគ្នា គឺ ភាពជាស្ដ្រីមេផ្ទះ ហើយការសម្រេចកិច្ចការរបស់ស្រីៗ ចូលចិត្តយកអារម្មណ៍បូកជាមួយហេតុផល ដោយឡែកសម្រាប់បុរសវិញ ការសម្រេចកិច្ចការប្រើតែហេតុផលតែប៉ុណ្ណោះ ដោយសារភាពខ្វះខាតទាំងនេះហើយ ទើបធ្វើឱ្យស្ដ្រីពិបាកក្នុងការក្លាយទៅជាអ្នករកស៊ី ជាសហគ្រិនដែលមានសក្ដានុពលបាន។

ទន្ទឹមនឹងឧបសគ្គរបស់ស្ដ្រីក្នុងការក្លាយជាសហគ្រិន និងភាពសាមគ្គីរបស់ស្ដ្រី អ្នកឧកញ៉ា គួច ម៉េងលី ផ្ដល់ដំណោះស្រាយចំនួន៤ ជូនបុរសៗ ដើម្បីចូលរួមជម្រុញភាពសាមគ្គីរបស់ស្ដ្រីទាំងនៅក្នុងសង្គម និងគ្រួសារ។វិធីសាស្រ្ដទាំង៤នោះគឺ ១,ត្រូវលើកទឹកចិត្តជាប់ជានិច្ច ទី២,កំដរនាងជានិច្ច ទី៣, ជម្រុញលើកទឹកចិត្តនាងជានិច្ច និងទី៤ ត្រូវជួយនូវកិច្ចការណាដែលអាចជួយបានទាំងការងារនៅខាងក្រៅ និងការងារក្នុងផ្ទះ។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការចូលរួមចំណែកជួយដល់ស្ដ្រីពិតជាមានសារសំខាន់ណាស់ ស្ដ្រីជាអនាគតរបស់ប្រទេសកម្ពុជានិងពិភពលោក ហើយសម្រាប់ខ្លួនលោកផ្ទាល់ ក្រោយឆ្លងកាត់ការបានឃើញពីភាពលំបាករបស់ស្ដ្រីនៅក្នុងប្រទេសកម្ពុជា ការធ្វើបាប ការមិនផ្ដល់តម្លៃឱ្យស្ដ្រីកាលពីជំនាន់មុន ធ្វើឱ្យលោកបណ្ដុះនូវចិត្តចង់ជួយស្រ្ដី និងនៅលើកទឹកចិត្តដល់ស្ដី្រ។

សូមជម្រាបជូនថា សមាគមសហគ្រិនស្ដ្រី ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីកចម្រើនផ្នែកធុរកិច្ច តាមរយៈការផ្តល់ឱ្យស្ត្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាព សម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជា៕