គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស «បូកគោ» ខេត្តកំពត ជាគំនិតផ្តោចផ្តើមរបស់ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល និងត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ជា សុផារ៉ា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ តើ ១០៨ មានអត្ថន័យដូចម្ដេច?
![](https://www.oknha.news/wp-content/uploads/2024/02/425744390_358024677159159_3502699089299810364_n-1024x576.jpg)
តាមទំព័រហ្វេសប៊ុកផ្លូវការ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ បានបញ្ជាក់ឱ្យដឹងថា ការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើខ្នងភ្នំបូកគោនេះ តួលេខ “១០៨” គឺតំណាងឱ្យរូបមង្គល ១០៨ ក្នុងស្នាមព្រះបាទរបស់ព្រះសមា្មសម្ពុទ្ធ ដែលក្នុងនោះមានដូចជា៖ រូបលំពែង រូបផ្ទះកំពូល រូបផ្កាចន្ធូ រូបប្រាសាទ រូបសសរបង្គោល រូបព្រះខ័ន រូបបាត្រ រូបព្រះអាទិត្យ រូបព្រះចន្ទ រូបមហាសមុទ្រ រូបភ្នំចក្រវាឡ រូបជម្ពូទ្វីប ព្រមទាំងរូបសំខាន់ៗជាច្រើនទៀតសរុបចំនួន ១០៨រូប (សូមចុចមើលលម្អិត)។
![](https://www.oknha.news/wp-content/uploads/2024/02/425696587_357352720559688_5314903683888820325_n.jpg)
មកដល់បច្ចុប្បន្ន ការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ បានលេចចេញផ្នែកគ្រឹះខាងក្រោមមួយផ្នែកធំហើយ ខណៈដែលគម្រោងប្លង់ស្ថាបត្យកម្មព្រះពុទ្ធប្បដិមានេះ ត្រូវបានសម្រិតសម្រាំងរចនាប្លង់ដោយស្ថាបត្យករកូនខ្មែរនិងមានការប្រជុំពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់បំផុត បូករួមជាមួយទីតាំងភូមិសាស្រ្តឧទ្យានជាតិព្រះមុនីវង្សបូកគោ ធ្វើឱ្យគម្រោងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ កាន់តែល្អឥតខ្ចោះ។
![](https://www.oknha.news/wp-content/uploads/2024/02/425306461_354703214157972_1965049731624062186_n-1024x767.jpg)
![](https://www.oknha.news/wp-content/uploads/2024/02/424858683_354703314157962_1066901773509547366_n-1024x767.jpg)
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា សុខ គង់ ក៏បានដឹកនាំក្រុមការងារប្រជុំពិនិត្យពិភាក្សាបន្ថែមលើប្លង់មេ និងប្លង់រចនាខាងក្នុងខឿនក្រោម បល្ល័ង្កព្រះអង្គធំ នៃគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោផងដែរ។ ក្នុងឱកាសនោះ កិច្ចប្រជុំបានពិភាក្សាលើប្លង់សាងសង់ខឿន ឧទ្យានពុទ្ធប្បវត្តិទាំង១២ រួមទាំងទីតាំងសំខាន់ៗនៃគម្រោងទាំងមូលដូចជា កន្លែងផ្តល់ព័ត៌មានទេសចរណ៍ ចំណតរថយន្ត តំបន់រដ្ឋបាល ខ្ចុះសម្រាក កន្លែងលក់គ្រឿងសក្ការៈនិងវត្ថុអនុស្សាវរីយ៍ ស្រះទឹកបោក្ខរណី ឧទ្យានអភិសេក ឧទ្យានទេពនិម្មិត ឧទ្យាននាងសុជាតា-ល-។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នឹងមានប្រភេទរុក្ខជាតិជាច្រើនលំអររួមមាន ដើមសាគូរ៉ា KWANZAN, ដើមសាគូរ៉ា YOSHINO, ដើមសាគូរ៉ា SHOGETSU, ដើមសាគូរ៉ា UKON ដើមស្រល់ ដើមឬស្សី ដើមពោធិ៍ ដើមសាលព្រឹក្ស និងព្រៃធម្មជាតិ។
![](https://www.oknha.news/wp-content/uploads/2024/02/400414664_304082485886712_1879815471126886083_n-1536x1024-1-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/02/400448498_304082879220006_6386672079267856306_n-1536x1025-1-1024x683.jpg)
សូមជម្រាបថា បើតាមការបញ្ជាក់ពី អ្នកឧកញ៉ា សុខ គង់ ព្រះពុទ្ធបដិមានេះ នឹងចំណាយរយៈពេលសាងសង់ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក។ អ្នកឧកញ៉ា ក៏ធ្លាប់បានលើកឡើងផងដែរថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹងជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ មកកាន់តំបន់ភ្នំបូកគោ៕