ឧកញ៉ា សំ សុខនឿន៖ គិតត្រឹមដើមខែកុម្ភៈឆ្នាំនេះ វិស័យអចលនទ្រព្យចាប់ផ្ដើមងើបឡើងវិញក្រោមហេតុផលពីរយ៉ាង

ជុំវិញ​ឧកញ៉ា

វិស័យអចលនទ្រព្យនៅកម្ពុជា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ផ្ដើមមានសញ្ញាណនៃការងើបឡើងវិញជាបណ្ដើរៗហើយ ដែលចំណុចនេះ ឧកញ៉ា សំ សុខនឿនមើលឃើញថាកើតឡើងដោយហេតុផលចំនួន២យ៉ាងគឺ ទី១ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ និងទី២ ការដើរគោះទ្វារទាក់ម៉ូយរបស់សម្ដេចធិបតីនៅតាមបណ្ដារប្រទេសលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ដល់បទសម្ភាសន៍ពិសេសជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ ឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជាមើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជាចាប់ផ្ដើមមានសន្ទុះនៃការងើបឡើងវិញនៅដើមឆ្នាំ២០២៤ ក្រោយវិស័យនេះរងនៅផលប៉ះពាល់យ៉ាងដំណំរយៈពេលបីឆ្នាំចុងក្រោយពោលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។

សញ្ញាណនៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យនៅកម្ពុជាគឺបណ្ដាលមកពីហេតុផលចំនួន២យ៉ាងគឺ៖ ១, ការដាក់ចេញកម្មវិធីពិសេសដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះជាចំណុចនៃការចាប់ផ្ដើមបើកបវាស្សនកាលថ្មីនៃការជំរុញវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាឱ្យមានសញ្ញាណវិជ្ជមានឡើងវិញដើម្បីឈានទៅរកចំណុចនៃការចាប់ផ្ដើមនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ។ ២, ការដើរគោះទ្វាទាក់ម៉ូយរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៅតាមបណ្ដារប្រទេសមួយចំនួននៅលើពិភពលោក ឱ្យងាកមកដាក់ទុនវិនិយោគនៅកម្ពុជា។ ការដើរគាស់ទ្វារបស់សម្ដេចធិបតី បានធ្វើឱ្យអ្នកវិនិយោគទាំងនៅក្នុង និងក្រៅស្រុកចាប់ផ្ដើមសំឡឹងមើលកម្ពុជាដើម្បីដាក់ទុនវិនិយោគ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

លោកឧកញ៉ា បានបន្ដថា សកម្មភាពទាំងពីរនេះហើយ ដែលជំរុញឱ្យវិស័យអចលនទ្រព្យ វិស័យសំណង់នៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ។ តែបើទោះបីជាមានការរំពឹងនិងសង្ឃឹមយ៉ាងនេះក្ដី វិស័យនេះគិតត្រឹមដើមខែកុម្ភៈ មិនទាន់មានសញ្ញាណច្បាស់លាស់ណាមួយបញ្ជាក់នោះទេ។

លោកឧកញ៉ា បញ្ជាក់ថាទោះជាយ៉ាងណា ការជំរុញលើវិស័យអចលនទ្រព្យនេះ ត្រូវការពេលវេលា ដើម្បីរៀបចំ ដោយទាមទារឱ្យមានការចូលរួមពីអ្នកវិនិយោគ និងសេដ្ឋកិច្ចដែលប្រសើរឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់វិនិយោគិន៕