លោក អូន ព័ន្ធមុនីរ័ត្ន ចាត់តាំងឧកញ៉ា៦រូបជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្អាងខេត្តកណ្តាល

ជុំវិញ​ឧកញ៉ា

ឧកញ៉ាចំនួន៦រូប ត្រូវបានចាត់តែងឲ្យចុះជួយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាងនៃមូលដ្ឋានខេត្តកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំពីលោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចចំនួន៧ទំព័រដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្តាល បានចាត់តាំងសមាសភាពប្រធាន អនុប្រធា សមាជិកចំនួន១១៨រូប ក្នុងនោះមានឧកញ៉ាចំនួន ៦រូប។

ឧកញ៉ាដែលស្ថិតក្នុងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង រួមមាន៖ ឧកញ៉ា លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាអនុប្រធានទទួលបន្ទុកជួយស្រុក, ឧកញ៉ា ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ជាអនុប្រធានទទួលបន្ទុកជួយស្រុក, ឧកញ៉ា ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធាន និងជាប្រធានក្រុមករងារចុះមូលដ្ឋានឃុំខ្ពប, ឧកញ៉ា លី តាក់ អនុប្រធាន ទទួលបន្ទុកជួយស្រុក, ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត, ឧកញ៉ា ស៊ីវ ថា អនុប្រធាន ទទួលបន្ទុកជួយស្រុក។

ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកស្អាង នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា លោក ប៉េង ពោធិ៍នា បានលើកឡើងថា ក្រុមការងារដែលមានឈ្មោះក្នុងសេចក្តីសម្រេច សូមអនុវត្តភារកិច្ចប្រកបដោយសា្មរតីបុរសកម្ម និងទំនួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោកបានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សទាំងអស់ សូមបន្តបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា ហើយត្រូវបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយើងបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ៕