ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសចូលលេងពាន Soccer League និងប៉ងយកលេខ១ នៅឆ្នាំ២០២៤នេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United ​​បាន​ប្រកាស​​​នៅ​លើ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា លោក​នឹង​ចូលរួម​លេង​ពាន​រង្វាន់​បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤នេះ ​​និង​ប្តេជ្ញា​យក​លេខ​១ ឱ្យ​បាន​ក្នុងនាម​ជា​កីឡាករ​វ័យ ៤៥ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាល់ទាត់​កម្ពុជា។ កាលឆ្នាំ២០២៣​ លោក​​ឧកញ៉ា​​​​ប្រធាន​ក្រុមហ៊ុន KW Cambodia ទូទាំង​ប្រទេស​រូប​នេះ​ បាន​​បង្កើត​ ព្រឹត្តិការណ៍​បាល់ទាត់មិត្តភាព​អន្តរជាតិ ដែល​នាំ​មក​ជូន​ដោយ​ បុរី វិមានសំណាង «Vimean Samnang Cup 2023»។ លោកឧកញ៉ា ក៏​ជា​អ្នក​បង្កើត និង​ជា​អ្នកឧបត្ថម្ភ​​ផ្តាច់មុខ ​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​​ KW Cambodia League ដែលពីមុន​​ប្រើ​ឈ្មោះ​​ថា​ Khmer Real Estate League​ តាំង​ពី​ឆ្នាំ២០១២ ផង​ដែរ។ រីឯ​ក្រុម Khmer United របស់​លោក​ឧកញ៉ា គឺជា​ក្រុម​មួយ​ដែល​មាន​ទម្រង់​លេង​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់ ​​ខណៈ​ដែល​កាល​ចុង​ខែ​តុលា ឆ្នាំ២០២២ ក្រុម​មួយ​នេះ​បាន​ឈ្នះ​ពាន​​​​រង្វាន់​បាល់ទាត់​ពាក់​កណ្តាល​អាជីព KW Cambodia League 2022។

​​ពាន​រង្វាន់​បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤​នេះ​ ត្រូវបាន​បង្កើត​ឡើង​ដោយ​ សហភាពសហព័ន្ធ​យុវជន​កម្ពុជា ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃទី ០១ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​រួមមាន៖ ក្រសួង-ស្ថាប័ន, ស.ស.យ.ក.ទាំង២៥ រាជធានី-ខេត្ត និងវិស័យ, គ្រឹះស្ថាន​ឧត្តម​សិក្សា, មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ, ក្រុមហ៊ុន​​ឯកជន សមាគម និង​អង្គការ​នានា។

គួរ​បញ្ជាក់​ថា រង្វាន់​នៃ​ពាន Soccer League ​​នេះ​គឺ៖ ក្រុមលេខ១ នឹង​ទទួល​បាន​​ពាន​១ មេដាយ​មាស​២៧ និង​ទឹកប្រាក់ ២៥​លាន​រៀល, ក្រុមលេខ២ ទទួល​បាន​មេដាយ​ប្រាក់​២៧ និង​ទឹកប្រាក់ ១០​លាន​រៀល, ក្រុមលេខ៣ ទទួល​បាន​មេដាយ​សំរិទ្ធ​២៧ និង​ទឹកប្រាក់​ ៥​លាន​រៀល ខណៈ​ដែល​ក្រុម​ហ្វែរផ្លេ (Fair Play) ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត ២​លាន​រៀល៕